(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានទម្លាយអាថ៌កំបាំងមួយចំនួន ជុំវិញដំណើរការនៃសាលាក្តីខ្មែរក្រហម។

សម្តេចតេជោបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន កាលពីខែតុលា ឆ្នាំ២០១០ ពេលនោះ មានការចរាចអំពីដំណើរការសាលាក្តីខ្មែរក្រហម ដោយលោក បាន គីមូន ទាមទារឱ្យមានការជំនុំជម្រះ លើសំណុំរឿងជាច្រើនទៀត ដោយក្រៅពីការចោទប្រកាន់មេដឹកនាំខ្មែរក្រហម ក៏មានឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត ក៏ត្រូវចោទប្រកាន់ផងដែរ។

ឥស្សរជនជាន់ខ្ពស់ដែលត្រូវចោទប្រកាន់នោះរួមមាន៖ សម្តេចព្រះនរោត្តម សីហនុ, លោក គាត ឈន់, លោក ហោ ណាំហុង, សម្តេច ជា ស៉ីម, សម្តេច ហេង សំរិន, លោក អ៊ុក ប៊ុនឈឿន និងលោក ស៉ីម កា ជាដើម។ ការទាមទាររបស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក បាន គីមូន ត្រូវបានសម្តេចបដិសេធ និងបានឆ្លើយតបវិញ «សុខចិត្តឱ្យតុលាការបរាជ័យ មិនឱ្យប្រទេសកើតសង្គ្រាមឡើងវិញទេ»។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទ សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំត្រូវតែបញ្ជាក់ប្រាប់ពិភពលោកថា ខ្ញុំបាននិយាយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាន គីមូ​ន នៅពេលគាត់មកទស្សនកិច្ចកម្ពុជាលើកដំបូង ពេលនោះយើងចរចាជាមួយគ្នា បាន គីមូន បានលើកអំពីវិធាននៃការពង្រីកការចោទប្រកាន់ លើសំណុំរឿង ០០១, ០០២, ០០៣, ០០៤ កាត់ទោសរាយប៉ាយទាំងអស់ បានខ្ញុំប្រាប់ ឯកឧត្តម បាន គីមូន ថាខ្ញុំសុខចិត្តឱ្យតុលាការខ្មែរក្រហមបរាជ័យ តែខ្ញុំមិនសុខចិត្តឱ្យប្រទេស ខ្ញុំមានសង្គ្រាមឡើងវិញទេ។ ពេលនោះ ក្រៅពីការចោទប្រកាន់មេដឹកនាំកម្ពុជាប្រជាធិបតេយ្យ មានសម្តេចព្រះនរោត្តម សីហនុ មានឯកឧត្តម គាត ឈន់ មានឯកឧត្តម ហោ ណាំហុង មានសម្តេច ជា ស៉ីម មានសម្តេច ហេង សំរិន មានឯកឧត្តម អ៊ុក ប៊ុនឈឿន មានឯកឧត្តម ស៉ីម កា ក្រៅពីរឿងនេះ នៅមានរឿងត្រូវចោទប្រកាន់ ទៅតាមលំដាប់លេខរៀងផ្សេងទៀត ដែលអាចពាក់ព័ន្ធដល់កងពល ដល់មេឃុំ មេតំបន់ មេស្រុក ពាសវាលពាសកាល»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងចាត់ទុកករណីទាមទាររបស់ UN នេះ គឺជាការបង្ខិតបង្ខំដោយគ្មានការគិតគូរ អំពីផលលំបាកដែលនឹងកើតឡើង។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា បើពេលនោះបើអង្គការសហប្រជាជាតិ នៅតែបង្ខំឱ្យពង្រីកការជំនុំជម្រះទៅមេដឹកនាំដទៃទៀត សាលាក្តីកូនកាត់មួយនេះនឹងត្រូវបរាជ័យ៕