(ស្វាយរៀង)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ បានដាក់ចេញគោលការណ៍យ៉ាងម៉ឺងម៉ាត់ ដើម្បីឲ្យខេត្តស្វាយរៀង លុបបំបាត់ទាំងស្រុងនូវការលបលួច បង្កប់ប្រើប្រាស់គ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ នៅតាមទីតាំងសប្បាយភាពទូទាំងខេត្ត។

ការដាក់ចេញគោលការណ៍របស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ធ្វើឡើងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍន៍ភាព នៃការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកទី៩ របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីធានាដល់ប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការឲ្យសម្រេចបានជោគជ័យ។

លោកសន្ដិបណ្ឌិត នេត សាវឿន បានដាក់ចេញនូវគោលការណ៍ចំនួន ៣ចំណុចសំខាន់ៗ ដើម្បីឲ្យគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្វាយរៀង រួមមាន៖ វិធានការអប់រំ, វិធានការរដ្ឋបាល និងវិធានការច្បាប់។ ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ឲ្យបញ្ចប់នូវរាល់បាតុភាពនានា ដែលរារាំងដល់ការបំពេញប្រតិបត្តិការលុបបំបាត់នេះ ហើយក្នុងករណីចាំបាច់ត្រូវរាយការណ៍បន្ទាន់មកថ្នាក់ជាតិ ដើម្បីចេញជួយអន្ដរាគមន៍។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ត្រូវដឹកនាំកិច្ចប្រជុំមួយជាមួយបណ្ដាម្ចាស់ទីតាំងសប្បាយភាពនានា សំដៅណែនាំ និងស្នើឲ្យមានការចូលរួមគាំទ្រដល់យុទ្ធនាការលុបបំបាត់នេះ។ ប៉ុន្ដែលោកបានគូសបញ្ជាក់ថា ក្នុងករណីទីតាំងណាមិនផ្ដល់កិច្ចសហការត្រូវចាត់វិធានការតាមផ្លូវច្បាប់បន្ទាន់តែម្ដង។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានក្រើនរំលឹកជាថ្មី ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់របស់ខេត្តស្វាយរៀង ត្រូវប្ដេជ្ញាចិត្តរួមគ្នាអនុវត្តម៉ឺងម៉ាត់នូវទិសស្លោករបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា «សម្អាតបឹង» ពោលធ្វើយ៉ាងណាមន្ដ្រីទាំងអស់ត្រូវតែស្អាតស្អំ មិនជាប់ពាក់ព័ន្ធជាមួយគ្រឿងញៀន។

បន្ថែមពីនេះ លោកសន្ដិបណ្ឌិតឧបនាយករដ្ឋមន្ដ្រី បានជំរុញឲ្យយកចិត្តទុកដាក់បង្កើន និងពង្រឹងប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ដោយត្រូវធ្វើយ៉ាងណាត្រូវឲ្យទាន់សម័យ និងចំគោលដៅងាយចាប់អារម្មណ៍។ ខណៈការតម្លើងកម្មវិធីទូរស័ព្ទ (App) «NoDrug» ក៏ត្រូវធ្វើទន្ទឹមគ្នានេះដែរ ព្រោះកម្មវិធីនេះមានទាំងសារអប់រំ និងជាមធ្យោបាយមួយឲ្យប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ច ពាក់ព័ន្ធករណីគ្រឿងញៀន។

ដោយឡែក សម្រាប់អ្នកដែលធ្លាក់ក្នុងអន្ទាក់នៃគ្រឿងញៀនវិញ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានណែនាំឲ្យលើកទឹកចិត្ត និងជំរុញការបញ្ជូនទៅទីតាំងព្យាបាល និងមជ្ឈមណ្ឌលស្ដារនីតិសម្បទា ដើម្បីមានឱកាសសមាហរណកម្មចូលសង្គមវិញបាន។

សូមជម្រាបថា សម្រាប់ខេត្តស្វាយរៀង យោងតាមរបាយការណ៍របស់លោក ប៉េង ពោធិ៍សា បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន បង្ក្រាបបទល្មើសប្រើប្រាស់ រក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់ សរុប៦២លើក (ក្នុងនោះករណីប្រើប្រាស់គ្រឿងញៀន៣លើក ករណីជួញដូរគ្រឿងញៀន ៥២លើក អនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន៧ដីកា) ឃាត់ខ្លួនជនសង្ស័យសរុប១៣១នាក់ ស្រី២៥នាក់ បានដកហូតថ្នាំញៀនសរុប ១៣,៥៩២.០១ក្រាម៕