(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងករណីរួមគំនិតក្បត់ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ដែលមានជនជាប់ចោទឈ្មោះ អាឡិចហ្សង់ដ្រូ​ ហ្គន់សាឡេស​ ដេវីតសិន​ ​ជនជាតិអេស្បាញ, យឹម​ លាង​ហ៊ី​, ស៊ុន​ រដ្ឋា​, លី​ ចាន់ដារ៉ាវុត​, ថុន​ រដ្ឋា​, ឡុង​ គន្ធា​, ភួន​ កែវរស្មី, ប៉ិញ​ ពិសិដ្ឋ​, រ៉ៃ​ រក្សា​ ហៅ​ រ៉ី​ រក្សា, ពក ខើយ​ ហៅ​ ពក​ ខឺយ​ ដែលជាសកម្មជនចលនាមាតាធម្មជាតិ។

សវនាការនេះនឹងធ្វើឡើងនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៨៖៣០នាទីព្រឹក ដែលមានក្រុមប្រឹក្សាជំនុំជម្រះ គឺលោកស្រី អ៊ុក រ៉េតគន្ធា លោក អ៉ី សុវណ្ណ លោកថៃ គឹមមុនី តំណាងអយ្យការ លោក សេង ហៀង។

កាលពីឆ្នាំ២០២១ តុលាការបានសម្រេចឃុំខ្លួន សកម្មជនចលនាមាតាធម្មជាតិ៣នាក់ នៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់។

ក្រៅពីការចោទប្រកាន់លើ សកម្មជនចលនាមាតាធម្មជាតិទាំង៣រូបនេះ តុលាការក៏បានចោទប្រកាន់ចំពោះ លោក អាឡិចសង់ដ្រូ ហ្គន់ស្សាឡេស ឌីវិសុន ( Alejandro Gonzalez Davidson) ជាជនជាតិអេស្បាញ ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទរួមគំនិតក្បត់ផងដែរ។

អង្គការមាតាធម្មជាតិ ដែលទីស្នាក់ការកណ្តាលតាំងនៅវត្តចំការឈូក ភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបង្កើតឡើង និងដឹកនាំដោយ លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ ចេញសេចក្តីប្រកាស សម្រេចលុបចោលកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីបានបណ្តេញ លោក អាឡិច ចេញពីប្រទេសកម្ពុជា។

លោក អាឡិច ត្រូវបានក្រសួងមហាផ្ទៃ បណ្តេញចេញកាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបានធ្វើសកម្មភាពប្រឆាំងមួយចំនួន នៅតំបន់អារ៉ែង និងប្រឆាំង ការបូមខ្សាច់នៅក្នុង ខេត្តកោះកុង ដែលអាជ្ញាធរអះអាងល្មើសច្បាប់នៅកម្ពុជា។ បន្ទាប់ពីបណ្តេញចេញ ជននេះក៏ត្រូវបានវ៉ៃត្រាក្រហម ហាមចូលប្រទេសកម្ពុជារហូតផងដែរ៕