(ពោធិ៍សាត់)៖ ជារៀងរាល់ឆ្នាំ តាំងពីយូរលង់ណាស់មកហើយ ឱ្យតែចូលដល់ខែពិសាខ មិនថាខ្នើត ឬរនោច, ប្រជាពលរដ្ឋមកពីគ្រប់ទិសទី ពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ ក៏ដូចអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ តែងតែរៀបចំប្រារព្ធពិធីបុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីសុំសេចក្ដីសុខសេចក្តីចម្រើនគ្រប់ប្រការ កុំឱ្យមានជំងឺដង្កាត់ផ្សេងៗ និងសូមឱ្យមានទឹកភ្លៀងបរិបូរណ៍ សម្រាប់ធ្វើស្រែចម្ការ ទទួលបានភោគផលជាទីគាប់ចិត្ត។

សម្រាប់ឆ្នាំនេះ ពិធីបុណ្យឡើងរោង ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ត្រូវបានធ្វើឡើង នៅថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ព្រមទាំងបានការចូលរួមពីថ្នាក់ដឹកនាំក្នុងខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

នារសៀលថ្ងៃទី២០ ខែឧសភានេះ មានរៀបចំសែនក្រុងពាលី ប្រារព្វបទនមសិកា សមាទានសីល ចម្រើនព្រះបរិត្ត ពិធីអភិសេករូបសំណាក លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ, ពេលរាត្រីមានថ្វាយកាំជ្រួច, ភ្ញីទៀន, សម្តែងល្ខោនខោល, គុណល្បុក្កតោ និងមានល្ខោនបាសាក់ទស្សនាកំសាន្តផងដែរ។ លុះព្រឹកស្អែក ថ្ងៃទី២១ ខែឆ្នាំដដែល វេរភត្តាហារ បង្សកូលឧទ្ទិសបុណ្យ និមន្តព្រះសង្ឃទទួលចង្ហាន់បិណ្ឌបាត្រ ពិធីសែនឡើងរោង ពិធីវន្ទាអាវុធ ព្រះសង្ឃបង្សកូល បំពាក់កំរ៉ងផ្កា និងស្រោចទឹកផ្នូរ លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ជាកិច្ចបញ្ចប់នៃកម្មវិធីបុណ្យ។

លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ ទាំងអាជ្ញាធរ ទាំងប្រជាពលរដ្ឋ ក្នុងនិងក្រៅខេត្ត តែងតែមកកាន់បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដើម្បីមកចូលរួមធ្វើបុណ្យ ទៅតាមគន្លងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក្នុងគោលបំណងសុំសេចក្តីសុខចម្រើន នាំមកនូវភោគផលស្រូវដំណាំ និងលាភសក្ការ ដល់សង្គមជាតិ និងក្រុមគ្រួសារ។

បើតាមឯកសារប្រវត្តិសាស្រ្ត នៅក្នុងសៀវភៅមហាវីរៈបុរសខ្មែរ គឺថាលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ចាត់ទុកជាវរៈជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាម ជាមួយទ័ពសៀម ការពារទឹកដីប្រទេសកម្ពុជា។ រូបរាងកាយលោកឧកញ៉ា និងលោកជំទាវ បានលាចាកលោកទៅក៏ពិតមែន ប៉ុន្តែភាពល្បីល្បាញ និងភាពស័ក្តិសិទ្ធិ បានដក់ជាប់នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏ដូចជាទូទាំងប្រទេស និងបាននាំគ្នាមកគោរពបូជា ជារៀងរាល់ឆ្នាំ មិនដែលអាក់ខានឡើយ។ ដោយសារបារមីនេះហើយ ទើបថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ បានបួងសួងសុំឱ្យឆ្នាំនេះ មានទឹកភ្លៀងគ្រប់គ្រាន់ សម្រាប់ការងារដាំដុះ គ្មានគ្រោះមហន្តរាយទឹកជំនន់។
សូមបញ្ជាក់ថា បូជណីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ មានទីតាំងស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលមានចម្ងាយប្រមាណ០៥គីឡូម៉ែត្រ ពីទីប្រជុំជនខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ៥៥ ជាង០១គីឡូម៉ែត្រទើបដល់៕