(ភ្នំពេញ)៖ លោក អ៊ន សុទ្ធីរ័ត្ន ជំនួយការសម្តេចមហាបវរធិបតី និងលោកស្រី លីម ម៉ូលីហ្សា ជាភរិយា បានផ្តួចផ្តើមគំនិតរៀបចំនូវកម្មវិធីសប្បុរសធម៌ដាក់ដេញថ្លៃសិល្បគំនូរ និងការបង្ហាញម៉ូតសម្លៀកបំពាក់ ដើម្បីរៃងអង្គាសថវិកាជួយដល់កុមារា ឆាលី ដែលកំពុងព្យាបាលជំងឺមហារីកខួរក្បាលដំណាក់កាលទី៤ធ្ងន់ធ្ងរ។

លោកស្រី លីម ម៉ូលីហ្សា បានប្រាប់ Fresh New ឱ្យបានដឹងថា កត្តាដែលជំរុញលោកស្រី និងស្វាមីផ្តួចផ្តើមកម្មវិធីសប្បុរសធម៌នេះឡើង គឺបន្ទាប់ពីមានការចែករំលែកវីដេអូក្នុងបណ្តាញសង្គម TikTok ដែលបានអំពាវនាវសុំជំនួយឧបត្ថម្ភជួយដល់កុមារារូបនេះ ដោយសារតែការចំណាយលើការព្យាបាលមានចំនួនច្រើន ខណៈក្រុមគ្រួសាររបស់កុមារា ឆាលី គឺពុំមានលទ្ធភាពគ្រប់គ្រាន់ឡើយ ដូច្នេះហើយទើបលោកស្រី និងស្វាមីផ្តួចផ្តើមគំនិតបង្កើតកម្មវិធីសប្បុរសធម៌នេះឡើង ដើម្បីអាចជំនួយបន្ទុកគ្រួសារ ឆាលី បានខ្លះ។

លោកស្រីបានបន្តថា ថវិកាដែលប្រមូលបានពីការរៃអង្គាសតាមរយៈសប្បុរសជនមានចំនួនសរុប ១០,១៨៥ដុល្លារ។ លោកស្រីមានអារម្មណ៍រំភើប និងបានថ្លែងអំណរគុណជាខ្លាំងចំពោះទឹកចិត្តដ៏ធំធេងរបស់មហាជន ដែលនេះសរបញ្ជាក់ឱ្យឃើញថា ប្រជាជនខ្មែរពិតជាមានសណ្តានចិត្តល្អ និងចេះជួយគ្នាក្នុងគ្រាលំបាក ដូចដូចនិងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ថា «កម្ពុជា គឺជាប្រទេសដែលតូច តែមានបេះដូងធំ»

ក្នុងកម្មវិធីសប្បុរសធម៌នោះដែរ គេឃើញមានតារាបង្ហាញម៉ូដមកពីស្ថាប័ន Miss Grand Cambodia និងតារាបង្ហាញម៉ូដវ័យក្មេងជាច្រើន បានរួមគ្នាដើរបង្ហាញម៉ូដសម្លៀកបំពាក់ និងលើកបង្ហាញគំនូរសម្រាប់ការដេញថ្លៃផងដែរ។ គំនូរជាច្រើនផ្ទាំង គឺជាស្នាដៃរបស់សិល្បករខ្មែរនិងបរទេសចំនួន២៧នាក់ រីឯសម្លៀកបំពាក់គឺបានមកពីអ្នកច្នៃម៉ូដដ៏មានប្រជាប្រិយភាព លោក ចោម មួយ។ ក្រោយការដេញថ្លៃ គំនូរលក់បានចំនួន៦ផ្ទាំង ឯសម្លៀកបំពាក់លក់បានចំនួន១ឈុត។ ទឹកប្រាក់ដែលបានពីការដេញថ្លៃ សិល្បករនិងអ្នកច្នៃម៉ូដទាំងនោះក៏ថែមទាំងស្ម័គ្រផ្តល់ជាជំនួយទៅដល់កុមារា ឆាលី ទៀតដែរ។

សូមបញ្ជាក់ថា ស្ថានភាពជំងឺមហារីកខួរក្បាលរបស់កុមារ ឆាលី នាពេលនេះ គឺបានបញ្ចប់ការបាញ់កាំរស្មី Proton ចំនួន៣០ដង ដោយជោគជ័យរួចហើយ ហើយនៅជំហានបន្ទាប់នឹងព្យាបាលដោយការប្រើគីមីវិញម្តង។ បន្ទាប់ពីចប់កម្មវិធី ប្រិយមិត្តក៏អាចធ្វើការបរិច្ចាគបន្តជាទឹកប្រាក់តិចក្តីច្រើនក្តីទៅទឹកចិត្ត អាចតាមរយៈ QR របស់សិល្បករ លោក ព្រហ្ម ពន្លឺ ដែលត្រូវជាឪពុករបស់ ឆាលី ផងដែរ៕