(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមាននៃការចងចាំ ស្ថិតនៅទំនប់អាភាព ហៅម.៤០១ មានរៀបចំកម្មវិធីទិវាជាតិនៃការចងចាំ ២០ ឧសភា ដោយមានការអញ្ជើញចូលរួមជាអធិបតីពីសំណាក់ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ តំណាងឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។

ពិធីនេះក៏មានការចូលរួមពី លោក លី ចាន់សុភក្តី អនុរដ្ឋលេខាធិការក្រសួងផែនការ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃ៉ំភក្តី, លោក សំអឿន សុបញ្ញា អភិបាលស្រុកបសេដ្ឋ លោក លោកស្រី ព្រមទាំងក្រុមការងារ និងលោកតា លោកយាយ ប្រជាពលរដ្ឋក្នុងភូមិ ឃុំ ស្រុក និងបណ្តាខេត្តមួយចំនួនដែលមានញាតិការបានស្លាប់នៅទីនេះ ប្រមាណជាង៣០០នាក់ចូលរួមផងដែរ។

បើតាមសាក្សីរស់ដែលនៅសល់ពីការសម្លាប់ បានបញ្ជាក់ថា ទំនប់អាភាព អតីតមន្ទីរ៤០១ ឬគុកទំនប់អាភាព ឬមន្ទីរអាភាព មានទីតាំងស្ថិតក្នុងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្រោយរដ្ឋប្រហារទម្លាក់សម្ដេចសីហនុ ខ្មែរក្រហមកាន់កាប់តំបន់នេះរួមទាំងតំបន់និរតីស្ទើរទាំងអស់ ដ្បិតមូលដ្ឋានតំបន់ភ្នំក្បែរៗនេះ ដែលខ្មែរក្រហមគ្រប់គ្រងជាច្រើនឆ្នាំមកហើយ។ ពេលកាន់កាប់ទីតាំងនេះពេញលេញ ខ្មែរក្រហមបានបង្កើតមន្ទីរ៤០១ នៅក្នុងឆ្នាំ១៩៧២ ដោយមានអ្នកគ្រប់គ្រងម្នាក់ឈ្មោះ ដាំ ភាព និងអនុប្រធាន ឈ្មោះ មាស ឆាន់។

នៅក្នុងភូមិភាគនិរតីនេះ មានមន្ទីរឃុំឃាំងរបស់ខ្មែរក្រហមជាច្រើនដែលបង្កើតឡើងតាំងពីដើមទសវត្ស១៩៧០ ដូចជាមន្ទីរសន្តិសុខក្រាំងតាចាន់ នៅស្រុកត្រាំកក់ ខេត្តតាកែវ និងមន្ទីរម-១៥ ក្នុងតំបន់៣២ មន្ទីរ១៣ ក្នុងស្រុកអមលាំង និងមន្ទីរម-៩៩ ខេត្តកំពង់ស្ពឺ។

នៅមន្ទីរ៤០១ ខ្មែរក្រហមបែងចែក «អ្នកទោស» ជាបីប្រភេទ អ្នកជាប់ខ្នោះឈើ (ទោសធ្ងន់) ត្រូវសម្លាប់ទាំងអស់ អ្នកជាប់ខ្នោះដែក និងអ្នកទោសអត់មានដាក់ខ្នោះ (ទោសស្រាល)។ ខ្មែរក្រហម អនុញ្ញាតឲ្យអ្នកទោសស្រាលទៅដាំបន្លែ ធ្វើស្រូវ ចិញ្ចឹមសត្វ លើកទំនប់ រែកដី ជីកប្រឡាយ ជីករណ្តៅដាក់សាកសព និងកាប់គាស់ដើមឈើ។ អ្នកទោសទាំងនោះក៏ដាក់ឃុំឃាំង នៅតាមបរិវេណរោងឃុំឃាំងខុសៗគ្នាដែរ ដែលពួកវាចាប់យកមកពីខេត្តកំពង់ស្ពឺ តាកែវ កណ្តាល កំពង់ឆ្នាំង និងកំពង់ចាម ហើយបើតាមការបញ្ជាក់របស់សាក្សីរស់ នៅទីនេះគឺពួកបនអាវខ្មៅសម្លាប់ប្រជាជនស្លូតត្រង់អស់ជាង២ម៉ឺននាក់ ឬអាចច្រើនជាងនេះ។

ដោយមើលឃើញពីគុណតម្លៃជាប្រវត្តិសាស្រ្ត និងមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋរួមជាមួយអាជ្ញាធរមូលដ្ឋាន លោក ហ៊ុន ម៉ានី និងលោកស្រី បានផ្តួចផ្តើមគំនិតសាងសង់មន្ទីរ៤០១នេះឡើង ដោយមានលោកបណ្ឌិត ហេង សុខគង់ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី២ ក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំកាត់ភ្លុក និងក្រុមការងារ រួមជាមួយសប្បុរសជននានា និងប្រជាពលរដ្ឋបានរួមគ្នាកសាងស្ដូប (វិមាននៃការចងចាំ) និងហេដ្ឋារចនាសម្ព័ន្ធមួយលើទីតាំងនេះ ឲ្យស្របតាមរចនាបថស្ដូបរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដូចស្ដូបនៅសារមន្ទីរ ទួលស្លែងកាលពីទសវត្ស១៩៨០ ឬស្ដូបជើងឯកសព្វថ្ងៃ និងបានដាក់សម្ពោធឲ្យប្រើប្រាស់ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ពេលនោះលោកជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដើម្បីទុកជូនជាសក្ខីភាពប្រវត្តិសាស្រ្តបញ្ជាក់ពីភាពឃោរឃៅនៃរបប៣ ឆ្នាំ ៨ខែ និង២០ថ្ងៃ ក៏ដូចជាសម្រាប់ប្រជាជនបាន មកគោរពបូជា និងរំលឹកវិញ្ញាណក្ខន្ធដល់ញាតិការរបស់ពួកគាត់ដែលត្រូវបានសម្លាប់ និងស្លាប់នៅទីនេះ។

នៅទីនេះផងដែរ ជារៀងរាល់ឆ្នាំ (លើកលែង២ឆ្នាំ នៃការរីករាលត្បាតនៃជំងឺកូវីដ១៩) លោកបណ្ឌិត ហេង សុខគង់ និងក្រុមការងារតែងតែរៀបចំនូវទិវា នៃការចងចាំនេះឡើង ហើយតែងមានប្រជាជនចូលរួមយ៉ាងច្រើនកុះករ ជាពិសេសបងប្អូនប្រជាជនដែលមានសាច់សាលោហិតបានស្លាប់បាត់បង់ជីវិតនៅទីនេះ ដែលអញ្ជើញមកពីបណ្តាខេត្តនានាដូចជាកំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម កណ្តាល និងខេត្តតាកែវជាដើម ដើម្បីមកគោរពវិញ្ញាណក្ខន្ធ បង្សុកូលឧទ្ទិសកុសលជូនដល់បុព្វការីជនរបស់ពួកគាត់ដែលបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអធមក្រៃលែងនៅទីតាំងទំនប់អាភាពនេះ។

នៅថ្ងៃនេះផងដែរ បន្ទាប់ពីកម្មវិធីបង្សុកូលឧទ្ទិសកុសល និងស្មឹងស្មាធគោរពវិញ្ញាណក្ខន្ធបុព្វការីជន ដែលចែកឋានរួចមក ក៏មានការចូលរួមមតិពីសាក្សីរស់ជាច្រើនដែលបានឃើញ ដឹង និងលឺផ្ទាល់ពីអំពៅយង់ឃ្នងសាហាវព្រៃផ្សៃនៅទីនេះ ហើយបន្ទាប់មកក៏មានការអញ្ជើញចូលរួម ដាក់បាត្រប្រគេនព្រះសង្ឃ៕