(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា កម្ពុជានឹងបន្តការពារខ្លួនប្រឆាំងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្អួចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិសង្គ្រាមត្រជាក់ថ្មី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤នេះ នាឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» សន្និសីទនេះបានរៀបចំឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ ២២ ខែឧសភា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «យើងនឹងបន្កការពារខ្លួនប្រឆាំងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្អួចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិសង្គ្រាមត្រជាក់សារជាថ្មីម្តងទៀត»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការប្រឈមនឹងអតីតកាលគឺជាអម្រែកផ្លូវចិត្តដ៏ធ្ងន់សម្រាប់កម្ពុជា ដោយសារតែអំពើឃោឃៅយង់ឃ្នងនៃរបបខ្មែរក្រហម និងការឈឺចាប់ជាច្រើទស្សវត្សររបស់ប្រជាជនខ្មែរ តែយ៉ាងណាក្តីការប្រឈមមុខនឹងអតីកាលមិនចាំបាច់ផ្តោតតែលើសោកនាថកម្មដែលប្រជាពលរដ្ឋជួបប្រទះក្នុងសតវត្សទី២០ នោះទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ប្រជាជនកម្ពុជាត្រូវតែមានសង្ឃឹមជាមួយនឹងការពិត ដែលប្រជាជននឹងប្រជាជាតិបានរស់រានប្រកបដោយភាពរឹងមាំ ហើយកម្ពុជាក៏ជាគំរូមួយសម្រាប់ប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោកដែលកំពុងទទួលរងនូវជោគវាសនាស្រដៀងគ្នានេះផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា កិច្ចការដែលកម្ពុជាបានធ្វើទាក់ទងនឹងអំពើប្រល័យពូជសាសន៍នេះ ក៏ជាជោគជ័យដ៏លេចធ្លោរមួយនៅលើឆាគអន្តរជាតិ ហើយកិច្ចការដែលកម្ពុជាបានធ្វើ ក៏អាចយកទៅប្រើប្រាស់ដើម្បីជាមេរៀនសម្រាប់ការអភិវឌ្ឍរបស់ប្រទេសក្រោយជម្លោះផ្សេងៗទៀតផងដែរ៕