(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤នេះ ដោយអនុវត្តតាមអនុសាសន៍ចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម កម្លាំងជំនាញផែនការងារនគរបាលសណ្ដាប់ធ្នាប់ សហការជាមួយកម្លាំងជំនាញផ្នែកនគរបាលសណ្តាប់ធ្នាប់ តាមបណ្ដាអធិការដ្ឋាននគរបាលស្រុកមួយចំនួន ចុះអនុវត្តវិធានការផ្សព្វផ្សាយច្បាប់ ណែនាំអប់រំដល់អ្នកប្រើប្រាស់ផ្លូវ និងអ្នកលក់ដូរមួយចំនួន ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ៣៩ អនក្រ។

ស្រុកកងមាស កម្លាំងជំនាញបានចុះផ្សព្វផ្សាយតាមរយៈឃោសនាស័ព្ទ ដោយប្រើប្រាស់ម៉ូតូកង់បីចល័ត និងអប់រំដោយផ្ទាល់ តាមបណ្តោយផ្លូវលេខ២៧០ នៅចំណុចទីប្រជុំជន ចំណត ទីផ្សារ និងនៅតំបន់ប្រឈមមួយចំនួន ស្ថិតក្នុងភូមិសាស្រ្តស្រុកកងមាស។

បច្ចុប្បន្នក្នុងភូមិសាស្ត្រស្រុកកងមាស មានកំណើនមធ្យោបាយច្រើនឆ្លងកាត់ លំហូរចរាចរណ៍មមាញឹក ដែលមធ្យោបាយមួយចំនួនធំ ត្រូវបានវាងចេញពីផ្លូវជាតិលេខ៧ ដែលបាននឹងកំពុងស្ថាបនាពង្រីកផ្លូវពីចំណុចរង្វង់ដំរី ក្នុងស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណាណា ក្នុងក្រុងកំពង់ចាម។

ដោយឡែក ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្រុកព្រៃឈរ និងស្រុកជើងព្រៃ កម្លាំងជំនាញបានចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ផ្លូវជាតិលេខ៧ និងបានណែនាំអប់រំអ្នកប្រើប្រាស់ផ្លូវ អ្នកលក់ដូរនៅលើចិញ្ចើមផ្លូវ នៅតាមចំណតនានា។

លោកវរសេនីយ៍ឯក អឿ សុភា នាយការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា វិធានការទាំងអស់នេះ មានសារៈសំខាន់ណាស់ ដែលមិនអាចខ្វះបាន ហើយអ្វីដែលមានសារ:សំខាន់ជាងនេះទៀត គឺជាការចូលរួមគោរពច្បាប់ចរាចរណ៍ពីសំណាក់អ្នកប្រើប្រាស់ទាំងអស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យមានកម្រិតអតិបរមា។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការថែរក្សាការពារ សណ្ដាប់ធ្នាប់សង្គម សុខភាព អាយុជីវិត ទ្រព្យសម្បត្តិបុគ្គល និងទ្រព្យសម្បត្តិសង្គមជាតិទាំងមូល៕