(ភ្នំពេញ)៖ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា វិញ្ញាសាសរសេរលើកទី២ បានចាប់ផ្តើមដោយមានការអញ្ជើញបើកវិញ្ញាសាពីសំណាក់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ការប្រឡងប្រជែងនេះ មានបេក្ខជនចូលរួមចំនួន ១,៣៧៩អង្គ/នាក់ បែងចែកជា ៣៨បន្ទប់ ដែលមាន ១៦ឯកទេស។ បេក្ខជនត្រូវប្រឡងប្រជែងលើ ២វិញ្ញាសា តាមឯកទេសដែលបានជ្រើសរើសរៀងៗខ្លួន។

ក្នុងដំណើរនេះ ក៏មានការបន្ដចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា រួមទាំងមហាជនដែលបានចុះឈ្មោះសង្កេតការណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ផងដែរ។

មិនខុសពីសព្វមួយដង គណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែបានត្រៀមខ្លួនរួចរាល់ គ្រប់ទិដ្ឋភាពការងារសម្រាប់ដំណើរការការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ វិញ្ញាសាសរសេរលើកទី២ ឲ្យចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម័យប្រឡងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

ក្រៅពីការគិតគូ ​និងយកចិត្តទុកដាក់ចំពោះការរៀបចំវិញ្ញាសាប្រឡង គណៈកម្មការរៀបចំការប្រឡងប្រជែងបានបន្ថែមការយកចិត្តទុកដាក់ដល់បេក្ខជន និងអាណាព្យាបាលបេក្ខជន តាមរយៈការគិតគូផ្ដល់ជាស្ដង់រងចាំសម្រាប់អាណាព្យាបាល ស្ដង់សម្រាប់ផ្ដល់ព័ត៌មានដែលអាចផ្ដល់ភាពងាយស្រួលសម្រាប់បេក្ខជនក្នុងការទាក់ទងជាមួយអាណាព្យបាលបន្ទាប់ពីបញ្ចប់ការប្រឡង និងជាពិសេសបានផ្ដល់ជូននៅទឹក រួមទាំងភេសជ្ជៈ ផ្សេងៗ សម្រាប់បេក្ខជន និងអាណាព្យាបាលផងដែរ។

ផ្អែកតាមបទពិសោធន៍កន្លងមក គណៈកម្មការរៀបចំការប្រឡងតែងតែ ដកស្រង់បទពិសោធន៍ជាបន្តបន្ទាប់ពីមួយដំណាក់កាលទៅមួយដំណាក់កាល ធ្វើយ៉ាងណាធានាឱ្យបាននូវការរៀបចំមួយប្រកបដោយភាពត្រឹមត្រូវស្របតាមស្ថានភាពនៃបម្រែបម្រួលអាកាសធាតុ និងក្ដាប់បានគ្រប់ទិដ្ឋភាពក្នុងការប្រឡង។

សូមជម្រាបថា បន្ថែមពីការគិតគូអំពីសុខភាពរបស់បេក្ខជន និងអាណាព្យាបាល គណៈកម្មការរៀបចំការប្រឡងប្រជែងក៏បានគិតគូររៀបចំបែងចែកច្រកអាទិភាពសម្រាប់បេក្ខជនដែលជាស្រ្តីមានផ្ទៃពោះ ព្រះសង្ឃ និងបេក្ខជនមានពិការភាពផងដែរ ដើម្បីសម្រួលដល់ការត្រួតពិនិត្យមុនពេលចូលបន្ទប់ប្រឡង ដែលជាការគិតគូយ៉ាងល្អិតល្អន់ចំពោះបេក្ខជន៕