(បាភ្នំ-ព្រៃវែង)៖ លោកទេសរដ្ឋមន្ត្រី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ខណ្ឌ អាណត្តិទី៤ ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកា គណបក្សខេត្ត លោក លោកស្រី ជាប្រធានក្រុមការងារចុះជួយឃុំទាំង៩ ក្នុងស្រុកបាភ្នំ សមាជិក សមាជិកាក្រុមប្រឹក្សាឃុំដែលជាអង្គបោះឆ្នោតទាំង៥៤រូប សរុបមានអ្នកចូលរួមទាំងអស់ប្រមាណជាង៣០០នាក់។

ពិធីនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ។

បន្ទាប់ពី លោក ម៉ៅ អ៊ាង ប្រធានក្រុមប្រឹក្សាស្រុកបាភ្នំ ធ្វើរបាយការណ៍សង្ខេបពីលទ្ធផលការងារកន្លងមក ក្នុងឱកាសប្រកាសបើកយុទ្ធនាការនេះ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គបោះឆ្នោតទាំងអស់ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ នៅក្នុងការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាជាតិកាលពីចុងខែកុម្ភៈកន្លងទៅ ដែលគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស បានក្លាយជាប្រធានព្រឹទ្ធសភាដ៏ឧត្តង្គឧត្តម ។

លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានថ្លែងបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅថ្ងៃអាទិត្យទី២៦នេះ ជាព្រឹត្តិការណ៍នយោបាយដ៏មានសារៈសំខាន់ សម្រាប់បុព្វហេតុសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍសង្គមជាតិយើងបន្តទៀត ពិសេសការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដែលកម្ពុជាបានអនុវត្តតាំងពីឆ្នាំ១៩៩៣។

ការបោះឆ្នោតនៅថ្នាក់ក្រោមជាតិនេះ គឺជាការកែទម្រង់រដ្ឋបាលសាធារណៈសំដៅលើក
កំពស់អភិបាលកិច្ចនៅថ្នាក់មូលដ្ឋាន ដើម្បីបំរើសេវាសាធារណៈជូនប្រជាជនឱ្យកាន់តែបានល្អប្រសើរ។ ទោះបីជាការបោះឆ្នោតអសកល ប៉ុន្តែនេះជាការបោះឆ្នោតតាមលក្ខណៈប្រជាធិបតេយ្យ ដោយអង្គបោះឆ្នោតគឺជាសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលត្រូវបានបោះឆ្នោតជ្រើសតាំងស្របច្បាប់ ដោយផ្ទាល់ពីប្រជាពលរដ្ឋនៅទូទាំងប្រទេសតាមអាណត្តិនីមួយៗ។

លោកទេសរដ្ឋមន្រ្តីប្រធានក្រុមការងារស្រុកបាភ្នំ បានធ្វើការអំពាវនាវដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកបាភ្នំ ឱ្យបន្តរួមសាមគ្គីគ្នា រឹងមាំជុំវិញស្នូលនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខនិងគាំទ្រយ៉ាងក្លៀវក្លាយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីបុព្វហេតុសុខសន្តិភាពស្ថេរភាព អភិវឌ្ឍនភាព វិបុលភាព និងអនាគតដ៏រុងរឿងរបស់កម្ពុជាជាដរាបតរៀងទៅ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្រ្តី ព្រុំ សុខា បានប្រកាសក្នុងនាមសមាជិកមន្រ្តី
គណបក្សនិងប្រជាពលរដ្ឋស្រុកបាភ្នំទាំងមូល គាំទ្រយ៉ាងរឹងមាំនិងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគំនិតផ្តួចផ្តើមដ៏អស្ចារ្យសម្រាប់អនាគតថ្លៃថ្លារបស់កម្ពុជា។

ការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត  ស្រុក ខណ្ឌ របស់គណបក្សប្រជាជនកម្ពុជាស្រុកបាភ្នំ បានបន្តដំណើរការដោយក្បួនហែររបស់ឃុំទាំង៩ ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញយ៉ាងអធិក អធមក្រៃលែង៕