(ភ្នំពេញ)៖ សម្តេចព្រះពុទ្ធមុនីបណ្ឌិត ឃឹម សន ព្រះរាជតំណាងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណរាជធានីភ្នំពេញ និង លោកស្រី ខៀវ សុីណា ជា ចាន់តូ បាននិមន្ត និងអញ្ជើញ ជាអធិបតី ក្នុងពិធីបិទមហាសន្និបាត ពុទ្ធិកសមាគមកម្ពុជ អាណត្តិទី៧ នៅសាលសន្នសីតចតុម្មុខ នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

សូមជម្រាបថា លោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះរាជតំណាងគណៈសង្ឃនាយក បាននិមន្ត និងអញ្ជើញ ជាអធិបតី ក្នុងពិធីបើកមហាសន្និបាត ពុទ្ធិកសមាគមកម្ពុជ អាណត្តិទី៧ ។

ក្នុងសុន្ទរកថា លោកស្រី ខៀវ ស៊ីណា ជា ចាន់តូ បានថ្លែងថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ជាមរតកដ៏សំខាន់វិសេសវិសាល របស់សម្តេចព្រះមហាសុមេធាធិបតី ជោតញាណោ ជួន ណាត សម្តេចព្រះសង្ឃរាជថ្នាក់ទី១ គណៈមហានិកាយ។ តាមរយៈឯកសារពន្លឺពុទ្ធចក្រ សម្តេចព្រះសង្ឃរាជ ព្រះអង្គបានបង្កើត ពុទ្ធិកសមាគមកម្ពុជរដ្ឋឡើងតាំងពីឆ្នាំ១៩៥២ ដើម្បីបានបម្រើផលប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធសាសនិក ទាំងក្នុង និងក្រៅប្រទេស។

នៅឆ្នាំ១៩៦៥ ព្រះរាជាណាចក្រកម្ពុជានៃយើងមានមហាកិត្តិយស បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលលំដាប់ថ្នាក់ដឹកនាំព្រះពុទ្ធសាសនាពិភពលោក ក្នុងកាលនោះពុទ្ធិកសមាគមកម្ពុជរដ្ឋ ឋិតក្រោមព្រះរាជកិច្ចដឹកនាំផ្ទាល់ពីសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ ទ្រង់ក៏បានប្រគល់ភារកិច្ចជូនពុទ្ធិកសមាគមកម្ពុជរដ្ឋ ជាអ្នកទទួលខុសត្រូវដោយផ្ទាល់ ក្នុងការរៀបចំកិច្ចប្រជុំកំពូលនៅទីតាំងសាលសន្និសីទចតុមុខនេះ។

សាលសន្និសីទចតុមុខ ដែលប្រារព្ធមហាសន្និបាតពុទ្ធិកសមាគមកម្ពុជរដ្ឋនាពេលនេះ បានសាងសង់ឡើង តាមព្រះរាជតម្រិះផ្តួចផ្តើមរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញាណោ និងក្រោមការប្រោសប្រទានព្រះរាជឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីព្រះករុណាសម្តេចព្រះនរោត្តម សីហនុ ព្រះប្រមុខរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្រាប់ការងារព្រះពុទ្ធសាសនា ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្នុងការរៀបចំកិច្ចប្រជុំនានា ដូចជា កិច្ចប្រជុំ អនុសំវច្ឆនៈជាដើម។

ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាអង្គការមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការងារមនុស្សធម៌នៅក្នុងសង្គមពុទ្ធសាសនិកកម្ពុជា។ សមាគមនេះគឺជាផ្នែកមួយដ៏សំខាន់របស់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាតាំងពីដើមមក ជាពិសេសនោះគឺមាន ព្រះមហាក្សត្រ និងព្រះមហាក្សត្រីយ៍ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ក៏ទ្រង់សព្វព្រះរាជហឫទ័យ យាងប្រថាប់ជាព្រះរាជាធិបតីកិត្តិយសនៃសមាគមនេះ ជាដរាបរៀងមក។ ក្នុងនោះក៏មានថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្រ្តីរាជការ និងពុទ្ធសាសនិក ក្នុងប្រទេសជាច្រើនបានចូលរួមជួយឧបត្ថម្ភ គាំទ្រ លើកតម្កើង និងបានស្ម័គ្រចិត្តចូលជាសមាជិកផងដែរ។ ទាំងនេះសបញ្ជាក់ឱ្យឃើញថា ពុទ្ធិកសមាគមកម្ពុជរដ្ឋ គឺជាសមាគមមួយដ៏មានសក្តានុពលផ្នែកមនុស្សធម៌ នៅក្នុងសង្គមពុទ្ធសាសនាកម្ពុជា។  
 
ថ្ងៃនេះ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត អតីតព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ បានដឹកនាំបើកប្រជុំអង្គមហាសន្និបាត ពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បីកែលម្អនូវចំណុចខ្វះខាត និងបន្តគោលការណ៍ថ្មីៗបន្ថែមទៀតរបស់សមាជិក សមាជិកា ក្នុងអង្គមហាសន្និបាតរបស់ខ្លួន ព្រមទាំងបានបោះឆ្នោតជ្រើសរើសបេក្ខភាពថ្នាក់ដឹកនាំបន្តវេនពីអាណត្តិចាស់កន្លងមក ដោយមានការចូលរួមពីតំណាងទូទាំងប្រទេស។ ជាលទ្ធផល អង្គមហាសន្និបាតដ៏ឧត្តុង្គឧត្តមរបស់ពុទ្ធិកសមាគមកម្ពុជរដ្ឋ បានទទួលសមាសភាពថ្មី ដែលមានសមាជិក សមាជិកា សរុប៣៣អង្គ/នាក់ ដែលត្រូវតែងតាំងជាគណៈកម្មាធិការនាយកក្នុងអាណត្តិទី៧ថ្មីជាបន្តទៀត។

ក្នុងនាមពុទ្ធិកសមាគមកម្ពុជរដ្ឋ និងក្នុងនាមលោកស្រីផ្ទាល់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តន៍គម្រោងព្រែកជីក ហ្វូណនតេជោ៕