(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសបន្ថែមពេលវេលារយៈពេល៣ខែទៀត ដល់មន្រ្ដីអត្តសញ្ញាកម្ម ដើម្បីបន្ដនៅធ្វើលិខិតឆ្លងដែនជូនពលរដ្ឋនៅកូរ៉េ។

ការប្រកាសបន្ថែមពេលវេលារយៈពេល៣ខែទៀត ដល់មន្រ្ដីអត្តសញ្ញាកម្មនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនសហគមន៍ខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ចំពោះការធ្វើលិខិតឆ្លងដែននៅកូរ៉េ ខ្ញុំពុំទាន់ឲ្យបញ្ជូនមន្ត្រីអត្តសញ្ញាណកម្មទៅវិញនោះទេ ខ្ញុំឯកភាពន្ថែមរយៈពេល៣ខែទៀត ដើម្បីនៅបន្ដធ្វើលិខិតឆ្លងដែនជូនបងប្អូននៅកូរ៉េ ហើយសូមអរគុណចំពោះការខិតខំប្រឹងប្រែង របស់មន្រ្ដីអត្តសញ្ញាណកម្មយើង»

សម្ដេចធិបតីបានថ្លែងបន្ដថា ដោយសារត្រូវបន្ដរយៈពេល៣ខែបន្ថែមទៀត ដូច្នេះសូមផ្ដាំសូមទោសទៅកាន់គ្រួសារ មន្រ្ដីអត្តសញ្ញាណកម្មយើងទាំងអស់ ដែលបាននិងកំពុងរង់ចាំស្វាមី, រង់ចាំឪពុក, រង់ចាំកូនត្រូឡប់ទៅប្រទេសកម្ពុជាវិញនៅចុងខែនេះ ដោយសារតែត្រូវស្នើសុំមន្រ្ដីយើងទាំងអស់ បន្ថែមរយៈពេល៣ខែទៀត ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋនៅកូរ៉េ៕