(ព្រះសីហនុ)៖ គណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានជួបជុំជាមួយសមាជិកនៅទីលានតេជោស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ក្រោមវត្តមានលោក វង្ស ផាន់ណាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី់១៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីដង្ហែក្បួនបើកយុទ្ធនាការឃោសនាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុកខណ្ឌ។

លោក តេង វណ្ណឌី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានប្រាប់ភ្ញាក់ងារបណ្តាញព័ត៌មាន Fresh News ខេត្តព្រះសីហនុថា ការហែក្បូនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅថ្ងៃទី១៧ ខែឧសភា រួមមាន៖

*ទី១៖ គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនាទាំង ៥ក្រុង-ស្រុក មានអ្នកចូលរួមសរុប៤០០០នាក់។ ដង្ហែដោយរថយន្ត ម៉ូតូ និងមានមេក្រូ សម្រាប់ផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្ស។
*ទី២៖ គណបក្សហ៊្វុនស៊ិនប៉ិច ចាក់មេក្រូនៅស្នាក់ការបក្សខេត្ត ស្រុកព្រៃនប់ និងស្រុកកំពង់សីលា។
*ទី៣៖ គណបក្សឆន្ទ:ខ្មែរ មិនមានសកម្មភាព។
*ទី៤៖ គណបក្សកម្លាំងជាតិ មិនមានសកម្មភាព។

លោក តេង វណ្ណឌី បានឱ្យដឹងបន្ថែមថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ មានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវគណបក្សនយោបាយបេក្ខជន សមាជិក និងអ្នកគាំទ្រគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ ត្រូវតែគោរពតាមវិធានបទប្បញ្ញត្តិ និងគោលការណ៍ដែលមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុកក្រុមប្រឹក្សាខណ្ឌ (ប.ន.ក) ក្រមសីលធម៌ និងគោលការណ៍នានា ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីធានាថាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា មានសន្តិសុខ និងសុវត្ថិភាព៕