(ពោធិ៍សាត់)៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ បានណែនាំឱ្យមន្ត្រី និងកងកម្លាំងប្រចាំការនៅស្ថានីយ ត្រូវយកចិត្តទុកដាក់បន្ថែម ពង្រឹងការងារត្រួតពិនិត្យយានយន្ដឱ្យបានហ្មត់ចត់ និងច្បាស់លាស់ ព្រមទាំងចេះសហការគ្នាក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក សេង ឈួន បានណែនាំយ៉ាងដូចនេះនាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នាឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពប្រធានស្ថានីយឃ្លាំងមឿង ខេត្តពោធិ៍សាត់ និងមានការអមដំណើរដោយលោក ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធាននាយកដ្ឋានបុគ្គលិក លោកប្រធានលេខាធិការដ្ឋាន និងប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ការតែងតាំងប្រធានស្ថានីយថ្មី ធ្វើឡើងបន្ទាប់ពីអតីតប្រធានស្ថានីយ ដែលត្រូវបានចូលនិវត្តន៍ និងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ការផ្លាស់ប្តូរបទពិសោធន៍ការងារលើការទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះ លោក សេង ឈួន បានកោតសរសើរការដឹកនាំរបស់អតីតប្រធានស្ថានីយ ដែលបានយកចិត្តទុកដាក់ និងអនុវត្តការងារទប់ស្កាត់ការងារដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់កន្លងមកផងដែរ។

គួរបញ្ជាក់ថា កន្លងមកគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏បានធ្វើការផ្លាស់ប្តូរសមាសភាពមន្រ្តីនៅតាមស្ថានីយមួយចំនួនផងដែរ៕