(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់៧១ យាងចូល៧២ព្រះវស្សា រសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ពិធីនេះត្រូវបានធ្វើឡើងនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្រោមវត្តមានលោក ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលខេត្ត ព្រះមេគណខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពមន្ត្រីរាជការនានាជុំវិញខេត្ត។

ក្នុងឱកាសនោះ មន្ត្រីរាជការទាំងអស់បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ព្រះបារមីព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ សូមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល មហាប្រសើរគ្រប់ប្រការជូនព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា សូមព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលរឹងមាំ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា និងចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តជាកូនចៅចៅទួតរបស់ព្រះអង្គទូទាំងកម្ពុជាជាដរាបតរៀងទៅ៕