(សេអ៊ូល, កូរ៉េខាងត្បូង)៖ ក្រុមហ៊ុន Daewoo E&C មានបំណងវិនិយោគ លើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងថាមពលស្អាតនៅកម្ពុជា​។

បំណងនេះត្រូវបានបង្ហាញដោយលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C ពេលជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោក JUNG Wonju បានជម្រាបសម្ដេចធិបតីថា ក្រុមហ៊ុនរបស់លោករកស៊ីលើ ការកសាងតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងសំណង់ដ៏សម្បូរបែបផ្សេងៗទៀត។

លោកប្រធានក្រុមហ៊ុន បានស្នើសុំអនុសាសន៍មួយចំនួនពីសម្ដេចធិបតី ពាក់ព័ន្ធការវិនិយោគ​ក្នុង​វិស័យសំណង់ និងថាមពលបៃតងនៅកម្ពុជា ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច​កម្ពុជា ឱ្យមានភាពរីកចម្រើនបន្ថែមទៀត តាមរយៈការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើប​ពីប្រទេស​កូរ៉េ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមរយៈជំនួបនេះ ជាចំណែកមួយជួយ​ឱ្យប្រតិ​ភូ​កម្ពុជាស្វែងយល់បន្ថែមអំពីការវិនិយោគក្នុងវិស័យសំណង់ និងថាមពលស្អាត ខណៈដែលវិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និងអចលនទ្រព្យ គឺជាអាទិភាពសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិង​កំពុង​​យកចិត្តទុកដាក់ ហើយរាជរដ្ឋាភិបាលក៏មានបំណងជំរុញឱ្យមានការធ្វើពិពិធកម្ម​អចលន​ទ្រព្យ ជាពិសេសនៅតាមទីប្រជុំជន។

សម្ដេចធិបតី បានគូសបញ្ជាក់ថា កម្ពុជា គឺជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយកម្ពុជានៅមានសក្ដានុ​ពល​ច្រើនសម្រាប់កាលានុវត្តភាពវិនិយោគក្នុងវិស័យអភិវឌ្ឍន៍ទីក្រុង បន្ថែមពីលើវិស័យសំណង់។ បន្ថែមលើនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃអន្តរកម្មថាមពលរបស់​ប្រទេស​កម្ពុជា ក្រុមហ៊ុន Daewoo E&C ក៏អាចពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យ​ថាមពលបៃតង ស្របពេលដែលកម្ពុជាកំពុងធ្វើទំនើបកម្មបច្ចេកវិទ្យាក្នុងវិស័យនេះផងដែរ។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Daewoo E&C ធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែង​យល់​ពីស្ថានភាពពិត ក៏ដូចជាពិភាក្សាជាមួយក្រសួង-ស្ថាប័ន​ជំនាញក្នុងការស្វែងរកឱកាស​វិនិយោគ​នានានៅកម្ពុជា។

សូមបញ្ជាក់ថា Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់​នៅសាធារណ​រដ្ឋ​កូរ៉េ ដោយមានអាយុកាលជាង ៥០ឆ្នាំមកហើយ។ ក្រុមហ៊ុន Daewoo E&C បានដើរតួនាទីដ៏​សំខាន់ ក្នុងការចូលរួមនូវវិវត្តសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់សាធារណរដ្ឋកូរ៉េ។

ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការអភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល៕