(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំរៀបចំសិក្ខាសាលាផ្តល់សុពលភាពលើសេចក្តីព្រាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញាបត្រវិជ្ជាជីវៈ១ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ក្នុងនោះអន្តរក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធបានផ្តល់សុពលភាពរួចរាល់ហើយលើសេចក្តីព្រាងគុណវុឌ្ឍិជាតិនេះ។

លោក ជួប រតនា ប្រធាននាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋាន គ.គ.ហ. បានឱ្យដឹងថា ដំណើរការរៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍បានឆ្លងកាត់ដំណាក់កាលរៀបចំឯកសារសំខាន់ៗ រួមមាន៖ ១-ការរៀបចំកម្រងសមត្ថភាព ២-ស្តង់ដាសមត្ថភាព ៣-កម្មវិធីបណ្តុះបណ្តាលផ្អែកលើសមត្ថភាព និង៤-កញ្ចប់វាយតម្លៃផ្អែកលើសមត្ថភាព។ ពិសេសនៅថ្ងៃនេះ សេចក្តីព្រាងគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញាបត្រវិជ្ជាជីវៈ១ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ បានឈានដល់ពេលផ្ដល់សុពលភាពចុងក្រោយពីភាគីពាក់ព័ន្ធ រួមមាន៖ តំណាងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងអប់រំ យុវជន និងកីឡា, លោក គង់ ដារ៉ា ប្រធានកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច នៃអង្គការស្វីសខន់ថាក់ លោកស្រី សាយ៉ា ម៉ារាតា នាយិកាប្រតិបត្តិនៃក្រុមហ៊ុន អេធីភី ខន់សាល់ធេន លោក ហាក់ ស៊ីនីន គ្រូបង្គោលអាស៊ាន និងជាអ្នកជំនាញការរៀបចំគុណវុឌ្ឍិជាតិ លោក ឌុក ណារិន គ្រូបង្គោលជាតិ និងជាអ្នកជំនាញការរៀបចំគុណវុឌ្ឍិជាតិ ព្រមទាំងគ្រូបង្គោលជាតិ តំណាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមឧស្សាហកម្មទេសចរណ៍ជាដើម។

លោក ជួប រតនា បានបញ្ជាក់ថា បន្ទាប់ពីការផ្ដល់សុពលភាពនេះ អន្តរក្រសួងនឹងដាក់ឱ្យឯកសារគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញាបត្រវិជ្ជាជីវៈ១ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនេះ បានប្រើប្រាស់សាកល្បងនៅតាមសាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនានា ទន្ទឹមនឹងការស្នើសុំការអនុម័តសម្រេចពីគណៈកម្មាធិការជាតិបណ្ដុះបណ្ដាល។ ការដាក់ឱ្យប្រើប្រាស់សាកល្បងនេះ ក្រសួងនឹងពិនិត្យមើលថា ការអនុវត្តតាមឯកសារនេះត្រឹមត្រូវឬអត់ ការបង្រៀនសិស្សនោះមានការខ្វះខាតត្រង់ណាទៀត ហើយនឹងត្រៀមរៀបចំឱ្យសមស្របពេញលេញឡើងវិញ។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោង ហូកា (គ.គ.ហ.) បានឱ្យដឹងថា ការរៀបចំសាកល្បងគុណវុឌ្ឍិសញ្ញាបត្រវិជ្ជាជីវៈ១ ក្របខណ្ឌគុណវុឌ្ឍិជាតិលើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ នឹងផ្តល់នូវច្រកសិក្សា និងការទួលស្គាល់ជំនាញច្បាស់លាស់កម្រិតជាតិដល់អ្នកជំនាញទេសចរណ៍កម្ពុជា ហើយអាចចាប់យកការសិក្សា ឬវាយតម្លៃកម្រិតកាន់តែខ្ពស់រហូតទទួលបានវិញ្ញាបនបត្រសមមូលនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបើកផ្លូវសិក្សាពេញមួយជីវិតដល់យុវជនកម្ពុជា ជាពិសេសគាំទ្រដល់យុទ្ធសាស្ត្របណ្តុះបណ្តាវិជ្ជាជីវៈដល់យុវជន១.៥លាន់នាក់ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះផងដែរ។

លោករដ្ឋលេខាធិការ ប៉ាក់ សុខុម ដើម្បីគាំទ្រដល់ដំណើរការអនុវត្តគម្រោងបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា សម្រាប់ដំណាក់កាលទី៣ខាងមុខ គណៈកម្មការគ្រប់គ្រងគម្រោង ហូកា បានសហការជាមួយអង្គការ Swisscontact ដើម្បីរៀបចំ «ផែនទីចង្អុលផ្លូវស្តីពីកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា ឆ្នាំ២០២៤-២០២៨» ដែលផែនទីចង្អុលផ្លូវនេះគឺជាឯកសារគោល សម្រាប់ចង្អុលបង្ហាញការបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ក្នុងដំណាក់កាលចាកចេញរបស់គម្រោងអភិវឌ្ឍជំនាញនៅឆ្នាំ២០២៨ខាងមុខ។

លោក Christian Volker Ide ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញនៃអង្គការ Swisscontact បានបង្ហាញការមើលឃើញថា ការរៀបចំឱ្យមានឯកសារគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត២ សញ្ញាបត្រវិជ្ជាជីវៈ១ លើជំនាញការិយាល័យជួរមុខ និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈនេះ គឺជាការរួមចំណែកមួយរបស់អង្គការស្វីសខន់ថេក ដើម្បីកសាងប្រព័ន្ធបណ្ដុះបណ្ដាលវិជ្ជាជីវៈទេសចរណ៍ឱ្យកាន់តែល្អប្រសើរ សំដៅបើកច្រកសិក្សាពេញមួយជីវិតរបស់ប្រជាជនកម្ពុជា។

ប្រធានកម្មវិធីអភិវឌ្ឍន៍ជំនាញរូបនេះ បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដែលបានអនុវត្តគម្រោងអភិវឌ្ឍន៍ជំនាញប្រកបដោយជោគជ័យ មានគុណភាព តម្លាភាព ហើយធ្វើឱ្យភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍បានដឹងជ្រាបពីកម្មវិធីបណ្ដុះបណ្ដាលជំនាញ ហូកា កាន់តែទូលំទូលាយ និងទទួលបានសិក្ខាកាមកាន់តែច្រើន។

សូមជម្រាបថា កម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា (HoKa) បានគាំទ្រយ៉ាងពេញទំហឹងដល់គំនិតផ្តួចផ្តើមថ្មីបង្កើន៥ និងអភិវឌ្ឍ៣ ក្រោមការដឹកនាំរបស់លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាពិសេសក្នុងមុំ D1-អភិវឌ្ឍធនធានមនុស្ស៕