(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត ប្រធានគណៈកម្មាធិការគណបក្សកម្ពុជាស្រុកតាំងគោក នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុក និងក្រុមការងារគណបក្សចុះជួយស្រុក ឃុំ សរុបជិត១,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤ ឆ្នាំ២០២៤ នៅក្នុងស្រុកតាំងគោក។

យុទ្ធនាការនេះបានធ្វើឡើងក្រោយបញ្ចប់ការជួបជុំទ្រង់ទ្រាយធំនៅទីរួមខេត្តកំពង់ធំ ក្រោម អធិបតីភាព លោក វង្សី វិស្សុត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ។

យុទ្ធនាការឃោសនាបោះឆ្នោតនេះជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយទៀតដែលកម្ពុជាបានបើកទំព័រឡើងក្នុងដំណើរការពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋានឱ្យកាន់តែប្រសើរថ្លៃថ្លាបន្ថែមទៀត តាមរយៈការ បើកយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីឆ្ពោះទៅការបោះឆ្នោតជ្រើសរើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

សម្រាប់ស្រុកតាំងគោកបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តលទ្ធិប្រជាធិបតេយ្យ អនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ហើយការជួបជុំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាដ៏ច្រើនកុះករ នៅក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតនេះ ក៏ជាការបង្ហាញពីភាពរឹងមាំ និងចាស់ទុំនៃលទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានផងដែរ។

ក្នុងឱកាសនោះ លោក ហាក់ ម៉ុងហួត បានថ្លែងអំណរគុណក្រុមប្រឹក្សាឃុំ សមាជិក សមាជិកាគណបក្ស ដែលបានខិតខំប្រឹងប្រែងពុះពាររហូតទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជន ដែលឈានដល់ការបង្កើត រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ទន្ទឹមនឹងនោះ លោកក៏បានផ្ដាំផ្ញើដល់អង្គបោះឆ្នោតទាំងអស់សូមយកចិត្តទុកដាក់ថែរក្សាសុខភាពរបស់ខ្លួន ពិនិត្យឯកសារសម្រាប់ការបោះឆ្នោត តាមដានប្រតិទិនពាក់ព័ន្ធនឹងការបោះឆ្នោតឲ្យបានជាប់ជាប្រចាំ និងគោរពឲ្យបានខ្ជាប់ខ្ជួនបទបញ្ញត្តិនានា ពាក់ព័ន្ធទៅនឹងការបោះឆ្នោត។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក អាណត្តិទី៤ គឺចាប់ផ្តើមឡើងពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលជាឱកាសឲ្យគណបក្សប្រជាជនកម្ពុជាបានផ្សព្វផ្សាយពីគោលនយោបាយសំខាន់ៗរបស់ក្រុមប្រឹក្សាខេត្ត ស្រុក ឲ្យបានទូលំទូលាយ ដើម្បីឈានទៅដណ្តើមជ័យជម្នះនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕