(ភ្នំពេញ)៖ តំណាងលោក ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ខាន់ ខុន អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា និងជាប្រធានសមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូគង្វាលគ្រីស្ទបរិស័ទ ចុះប្រគល់អណ្ដូងស្នប់ទឹកស្អាត អាហ្វ្រ៊ីដេស ចំនួន១២អណ្ដូង ដល់ប្រជាជន ក្នុងសហគមន៍ដែលខ្វះខាតទឹកប្រើប្រាស់។

នៅក្នុងពិធីសំណេះសំណាល និសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ លោកបាននាំក្ដីនឹករលឹកគោរពស្រលាញ់របស់ លោក ចាយ បូរិន ពីការដឹកនាំ ការរួមសាមគ្គីគ្នា នៅគ្រាលំបាក ចេះចែករំលែក តាមលទ្ធភាពដែលខ្លួនមាន ស្រលាញ់គ្នា ទៅវិញទៅមក ដោយរួមរស់ក្នុងម្លប់សន្តិភាព នូវស្នាមញញឹម និងភាពរីករាយ ដោយមិនប្រកាន់ពូជសាសន៍ ឬសាសនា ឡើយ។

លោក ខាន់ ខុន ថ្លែងថា «ព្រះយេស៊ូវគ្រីស្ទបានបង្រៀន ឱ្យយើងចេះស្រលាញ់អ្នកដទៃ ដូចស្រលាញ់ខ្លួនឯង ព្រោះថាព្រះអង្គស្រលាញ់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ថាជាជាតិសាសន៍អ្វី ឬ សាសនា អ្វីនោះឡើយ គឺទ្រង់បានលះបង់គ្រប់យ៉ាងសម្រាប់មនុស្សទាំងអស់លើពិភពលោក!»

លោកក៏បានបន្ថែមទៀតថា «ពីព្រោះយើង គឺជាខ្មែរ ដូចគ្នា ហើយអ្វីដែលយើងធ្វើ សុទ្ធតែដើម្បីប្រទេសជាតិ និងការអភិវឌ្ឍ ដោយរក្សានូវការរួមសាមគ្គីភាព»

លោកក៏បានណែនាំឱ្យពួកគាត់ ស្រលាញ់ និងរក្សាឱ្យបាននូវសន្តិភាព ព្រោះថា វាជាសមិទ្ធផលមួយដ៏ធំធេង ដែលត្រូវបានក៏សាងឡើងដោយមាន សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ហើយថា ទាល់តែមានសន្តិភាពទើបមានការអភិវឌ្ឍ និងមានការរីចម្រើនបាន។ លោកក៏បានបន្ថែមទៀតផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ទៅលើ វិធានគន្លឹះសំខាន់៥យ៉ាងគឺ ពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, លើកកម្ពស់គុណភាពអបរំ, លើកកម្ពស់គុណភាពសេវាសុខាភិបាល, ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាព និង ពង្រឹង និងលើកកម្ពស់គុណភាព និងប្រសិទ្ធិភាព នៃប្រព័ន្ធយុត្តិធម៌។

បញ្ហាសុខភាព និងសេដ្ឋកិច្ច របស់ប្រជាពលរដ្ឋ គឺជា គន្លឹះដ៏សំខាន់ ដូច្នេះទឹកគឺជាចំណែកមួយដែលជួយដល់សុខភាពរបស់ប្រជាពលរដ្ឋ ជាពិសេសនៅរដូវគ្រោះរាំងស្ងួតនេះតែម្តង បើគ្មានទឹក ឬ មានការប្រើប្រាស់ទឹកមិនស្អាត នោះនាំឱ្យប្រជាពលរដ្ឋមានជំងឺប្រចាំកាយ ខាតបង់ប្រាក់កាស មិនអាចប្រកាបរបរចិញ្ជឹមជីវិតបាន និងនាំឱ្យសេដ្ឋកិច្ចគ្រួសារមានការចុះអន់ថយ។ អីចឹងហើយ បានជា សមាគមគ្រីស្ទបរិស័ទក្នុងសន្តិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ធ្វើការយ៉ាងស្អិតរមួតជាមួយមន្ត្រីរាជរដ្ឋាភិបាលថ្នាក់ក្រោមជាតិ និងគ្រូគង្វាលគ្រីស្ទបរិស័ទ ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យមានទឹកស្អាតប្រើប្រាស់ តាមរយៈការខួងអណ្តូងខ្នាតធំម៉ាកអាហ្វ្រ៊ីដេស នេះ។

តាមរយៈអណ្ដូងនេះ នឹងជួយសម្រាលបន្ទុកមួយចំនួនដើម្បីជួយដល់ការរស់នៅ ក្នុងការ ប្រើប្រាសប្រចាំថ្ងៃ ជួយកាត់បន្ថយការទិញទឹកនៅរដូវប្រាំង ការទៅយកទឹកពីរកន្លែងឆ្ងាយដែលមិនមែនជាប្រភពទឹកស្អាត ជួយដល់កុមារ ក្នុងការប្រើប្រាស់ ចិញ្ចឹមសត្វ ការដាំដំណាំរួមផ្សំ មួយចំនួន សម្រាប់ចិញ្ចឹមជីវិត។

លោក ខាន់ ខុន ក៏បានផ្តាំផ្ញើផងដែរដល់ប្រជាពលរដ្ឋកុំឱ្យប្រើប្រាស់គ្រឿងញៀន លេងល្បែងស៊ីសង និងរឿងឧបាយមុខផ្សេងៗ ព្រោះវាគ្មានផលល្អសម្រាបខ្លួនឯង គ្រួសារ សហគមន៍ និងសង្គមជាតិនោះឡើយ។

សូមជម្រាបថា សមិទ្ធផលទាំងអស់នេះបានមកពីការរួមសហការគ្នារបស់ សមាគមគ្រីស្ទបរិស័ទក្នុងសន្ដិភាព និងក្រុមជំនុំបេសកកម្មដំណឹងល្អ ដោយមានការចូលរួមគ្នាបរិច្ចាគ ទាំងក្នុងស្រុក និងក្រៅប្រទេស ជាថវិកា និងការអធិដ្ឋាន ដើម្បីចូលរួមជួយដល់ប្រជាជន តាមសហគមន៍នីមួយៗ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់ ហើយខ្វះខាតទឹកប្រើនៅរដូវប្រាំង។

អណ្ដូងស្នប់ទាំងនោះមានទីតាំងដូចខាងក្រោម៖

* ភូមិព្រៃគោ ឃុំព្រៃគោ ស្រុកឆ្លូង ខេត្តក្រចេះ
* ភូមិស្រែពង្រ ឃុំបូសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
* ភូមិអូរអង្គុញ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ
* ភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ
* ភូមិច្រវ៉ាកោះដាច់ ឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ
* ភូមិអូរឫស្សីបី សង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ
* ភូមិសុខសាន្ត ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះ
* ភូមិអាលច ឃុំកន្ទួត ស្រុកចិត្របុរីខេត្តក្រចេះ
* ភូមិអូរតាញៀន ឃុំស្រែចា ស្រុកសុនួល ខេត្តក្រចេះ
* ភូមិស្រែចារ ឃុំស្រែចា ស្រុកសុនួល ខេត្តក្រចេះ
* ភូមិស្រែប្រាំ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
* ភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ៕