(ភ្នំពេញ)៖ លោក ម៉ម សារិន ប្រធានខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតជូនពរលោក លឹម ជាវុត្ថា សហស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News ក្នុងឱកាសនៃខួប១០ឆ្នាំ នៃថ្ងៃកំណើតរបស់អង្គភាពព័ត៌មានរបស់ខ្លួន។

លោក ម៉ម សារិន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមសម្តែងនូវសេចក្ដីសោមន្សរីករាយ ប្រកបដោយក្ដីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ ចំពោះ ឯកឧត្តម លឹម ជាវុត្ថា សហស្ថាបនិក និងជាអគ្គនាយក ព្រមទាំងមន្ត្រីបុគ្គលិកទាំងអស់ ចំណុះអង្គភាពព័ត៌មាន Fresh News ក្នុងឱកាសដ៏មានអត្ថន័យក្រៃលែង នៃការប្រារព្ធខួប១០ឆ្នាំ របស់អង្គភាព ព័ត៌មាន Fresh News។

នាឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម ព្រមទាំងបុគ្គលិកគ្រប់រូប ដែលបានខិតខំបំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ និងចែករំលែកព័ត៌មានបានរហ័សច្បាស់ការណ៍អំពីសភាពការណ៍ពិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ព្រមជាមួយនេះ បានរួមចំណែកយ៉ាងធំធេងក្នុងការ ផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាផងដែរ។

ជាថ្មីម្ដងទៀត ខ្ញុំសូមសម្តែងនូវសេចក្ដីអំណរសាទរ និងសូមជូនពរ ឯកឧត្តម លឹម ជាវុត្ថា សហស្ថាបនិក និងជាអគ្គនាយក ព្រមទាំងបុគ្គលិកគ្រប់រូប ចំណុះអង្គភាពព័ត៌មាន Fresh News សូម មានសុខភាពល្អបរិបូរណ៍ មានសុខសុភមង្គលក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច ការងារ និងសូមប្រកបដោយពុទ្ធពរ និងពរ ទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបី ឃ្លៀងឃ្លាតឡើយ»៕