(ភ្នំពេញ)៖ លោក អ៊ិត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី «ការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌ លើកទី៦» ដែលប្រព្រឹត្តទៅក្នុងរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅទីតាំង បុរី អ & អេហ្វ ស៊ីធី ផ្លូវ៦០ម៉ែត្រ។

ការប្រកួតវាយសីពានរង្វាន់វិស័យយុត្តិធម៌នេះ គឺជាប្រកួតលើកទី៦ បន្ទាប់ពីមានការប្រកួតលើកទី១ នៅឆ្នាំ ២០១៩ លើកទី២ ឆ្នាំ២០២០ លើកទី ៣ ឆ្នាំ២០២១ លើកទី៤ នៅឆ្នាំ២០២២ លើកទី៥ នៅឆ្នាំ២០២៣ ដែលមានសមាសភាពចូលរួមប្រកួតពីសំណាក់ កីឡាករ កីឡាការនី ដែលជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អគ្គលេខានៃអគ្គលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង មេធាវី និង ក្រឡាបញ្ជី សុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់ មានចំនួនប្រមាណ ៤០០រូប បានចូលរួមដាក់ពាក្យប្រកួតប្រជែងដណ្តើម ពានរង្វាន់។

ការប្រកួតវាយសីវិស័យយុត្តិធម៌នេះជាព្រឹត្តការណ៍កីឡាប្រចាំឆ្នាំមួយ ក្នុងចំណោមព្រឹត្តការណ៍កីឡាធំៗចំនួន ២ ក្នុងវិស័យយុត្តិធម៌ ដែលរៀបចំដោយក្រុមកីឡាសេនាយុត្តិធម៌ ដែលជាព្រឹត្តការណ៍មានការចូលរួម ដ៏ច្រើនចុះករពីអ្នកច្បាប់ អ្នកអនុវត្តច្បាប់ ទូទាំងប្រទេស។ កីឡាករ កីឡាការនី ដែលចូលរួមនៅក្នុងការប្រកួតខាងលើនេះ ត្រូវប្រកួតដណ្តើមពានរង្វាន់ដូចជាពានរង្វាន់ជ័យលាភី ពានកិត្តិយស ពានរង្វាន់ ALL STAR ពានរង្វាន់ Mix Double, ពានរង្វាន់មិត្តភាព, ពានរង្វាន់មិត្តភាព ALL STAR និងពានរង្វាន់អនុស្សាវរីយ៍។

លោក សេង ប៊ុនឃាង ប្រធានគណៈកម្មការរៀបចំការប្រកួតវាយសី «ពានរង្វាន់វាយសីវិស័យយុត្តិធម៌» បានលើកឡើងថាកម្មវិធីនេះ ប្រារព្ធឡើងក្នុងគោលបំណង៖

ទី១៖ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល និងស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ «ប្រជាជនម្នាក់លេងកីឡាមួយមុខ»។
ទី២៖ ដើម្បីចូលរួមពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាពយ៉ាងជិតស្និត រវាងកីឡាករ កីឡាការិនី ដែលសុទ្ធសឹងតែជាអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យច្បាប់។
ទី៣៖ ដើម្បីចូលរួមចំណែកក្នុងការពង្រឹង និងថែរក្សាសុខ ភាពរបស់កីឡាករ កីឡាការិនី ។
ទី៤៖ ដើម្បីចូលរួមចំណែកលើកកំពស់ការអភិវឌ្ឍវិស័យកីឡានៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការប្រកួតក្នុងរយៈពេល៣ថ្ងៃនេះ គឺមានអ្នកចូលរួមប្រកួតពានរង្វាន់ជ័យលាភី ៤៨ គូ, ពានរង្វាន់ ALL STAR មានអ្នកចូលរួមប្រកួត ៦៩ គូ, ពានរង្វាន់ Mix Double មានចំនួន ១៤ គូ, ពានរង្វាន់មិត្តភាពសម្រាប់កីឡាករដែលមានអាយុចាប់ពី ៤៨ឆ្នាំឡើងទៅ, ពានរង្វាន់មិត្តភាព ALL STAR និងពានរង្វាន់អនុស្សាវរីយ៍សម្រាប់កីឡាករក្នុងវិស័យយុត្តិធម៌ និងកីឡាករមហាជន។

លោក អ៊ិត រ៉ាឌី បានថ្លែងថា ការប្រកួតនេះតែងទទួលការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ តាមរយៈការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទការប្រកួត និងពិធីពិសារអាហារសាមគ្គីជានិច្ច។

លោកគណអធិបតី បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ពិសេសកីឡាករ កីឡាការិនី ឲ្យប្រកួតដោយយកក្រមសីលធម៌ជាកីឡាជាគោល ពោលគឺកុំយកការចាញ់ឈ្នះជាគោល។ លោកបន្ថែមថា ការប្រកួតតែងមានចាញ់ មានឈ្នះ តែសម្រាប់កីឡាពុំមានចាញ់ឈ្នះទេ មានតែអ្នកឈ្នះជានិច្ច ពោលគឺអ្នកចាញ់ការប្រកួតទទួលបាននូវបទពិសោធន៍ថ្មីពីអ្នកឈ្នះហើយអ្នកឈ្នះ ក៏ទទួលបានបទពិសោធន៍ពីអ្នកចាញ់ដែរ។

ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ថា ទាំងអ្នកឈ្នះ និងអ្នកចាញ់ក្នុងការប្រកួតទទួលបាននូវជ័យជំនះដូចគ្នា គឺមិត្តភាពភាតរភាព និងសុខភាព។ លោកបានរំលេចឡើងថា យើងមានពេលលេងកីឡាប្រកួតវាយសីបែបនេះ ក៏ដោយសារប្រទេសយើងមានសន្តិភាពដែរ ពោលគឺកីឡារស់ក្នុងសន្តិភាព៕