(សេអ៊ូល, កូរ៉េខាងត្បូង)៖ នៅរសៀលថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យលោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ K-water និងជាប្រធាន ក្រុមប្រឹក្សាទឹកអាស៊ី (AWC) ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សូមបញ្ជាក់ថា សាជីវកម្មធនធានទឹកកូរ៉េ (K-water) គឺជាសាជីវកម្មធនធានទឹករបស់​រដ្ឋាភិបាល​នៃសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកការអភិវឌ្ឍធនធានទឹកលើគ្រប់ផ្នែកសម្រាប់​ការប្រើប្រាស់​សាធារណៈ និងក្នុងឧស្សាហកម្ម ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧។

K-water ក៏បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៩មក ដោយបានអភិវឌ្ឍគម្រោងធនធានទឹកជាច្រើន នៅតាមដងទន្លេមេគង្គ និងតាមខេត្តមួយចំនួនទៀត រួមមាន កំពង់ស្ពឺ កំពង់ឆ្នាំង និងបាត់ដំបង។ កាលពីខែមីនា ឆ្នាំ២០២៤នេះ K-water ក៏បានពិភាក្សាជាមួយក្រសួងធនធានទឹក និងឧតុនិយម លើការអភិវឌ្ឍធនធានទឹក រួមទាំងគម្រោង Smart Water Management នៅភ្នំពេញផងដែរ៕