(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងសិរីសោភ័ណ ប្រមាណ១,០០០នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ។

លោក អ៊ុំ រាត្រី បានលើកឡើងថា ថ្ងៃនេះ គឺជាថ្ងៃចាប់ផ្ដើមបើកយុទ្ធនាការបោះឆ្នោតជ្រើសរើសសមាជិកប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ហើយក្រុងសិរីសោភ័ណ បានបើកយុទ្ធនាឃោសនាបោះឆ្នោតយ៉ាងគគ្រឹកគគ្រេង។ ក្នុងនោះ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តទាំងមូល សូមសម្ដែងនូវអំណរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ជាព្រេកជីកប្រវត្តិសាស្ត្រលើកទី១ ដែលជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា។

លោកបានបញ្ជាក់ថា គ្រប់អង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាតំណាងប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន សំដៅលើកកម្ពស់ស្មារតីពង្រឹងទស្សនៈ គោលជំហរ ពង្រីកឆន្ទៈមនសិការ និងការប្ដេជ្ញាចិត្តខ្ពស់ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នានៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីផ្ដល់ឱកាសជូន គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តកសាង និងការពារមាតុភូមិតាមកម្មវិធីនយោបាយរបស់គណបក្ស ដើម្បីសម្រេចបាននូវគោលបំណង និងឧត្តមគតិប្រកបដោយមនសិកា ក្នុងបុព្វហេតុ នៃថ្ងៃជ័យជំនះរបស់គណបក្ស។

លោក អ៊ុំ រាត្រី បានបន្ថែមថា ដើម្បីឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤នោះ ឲ្យមានភាពយុត្តិធម៌ត្រូវការពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាល់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតខាងមុខនេះ សម្រាប់ខេត្តបន្ទាយមានជ័យ កម្លាំងមានសមត្ថកិច្ចគ្រប់ប្រភេទ ត្រូវឈរលើគោលការណ៍អព្យាក្រឹត្យ និងក្រមសីលធម៌ សម្រាប់ចូលរួមការពារសន្តិសុខឲ្យប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អផងដែរ៕