(សេអ៊ូល, កូរ៉េខាងត្បូង)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ណែ​នាំ​ក្រុមហ៊ុន Dunamu ឱ្យពង្រីកការវិនិយោគនៅកម្ពុជា ដើម្បីទទួលបានការរីកចម្រើនក្នុងគ្រា​ដែលកម្ពុជាកំពុងមានសក្តានុពលខ្ពស់។

ការណែនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឱ្យលោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។

ក្នុងជំនួបនេះ លោកប្រធានផ្នែកយុទ្ធសាស្ត្រ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

លោកប្រធានផ្នែកយុទ្ធសាស្រ្ត បានគោរពជម្រាបជូនសម្តេចធិបតី អំពីវឌ្ឍនភាពនៃអាជីវកមុ្ម​របស់​ក្រុមហ៊ុន Dunamu ដែលមានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងតំបន់​អាស៊ីអាគ្នេយ៍ ដូចជា សិង្ហបុរី ថៃ និងឥណ្ឌូនេស៊ី និងផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាល​បច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត។ ជាមួយគ្នានេះ លោកប្រធានផ្នែកយុទ្ធ​សាស្ត្រ បានគោរពជម្រាបសម្ដេចធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុន​ក្នុងការពង្រីក​ការ​វិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសដទៃទៀត ដែលរួមមានកម្ពុជាជាដើម។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារ​ជាមួយលោកប្រធានផ្នែកយុទ្ធសាស្ត្រ និងសហការី និងអរគុណចំពោះក្រុមហ៊ុន​ដែលមាន​ចំណាប់​អារម្មណ៍លើការវិនិយោគនៅកម្ពុជា លើវិស័យហិរញ្ញវត្ថុ។

សម្តេចធិបតី បានគូសបញ្ជាក់ថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងវិជ្ជមាន និងកំពុងធ្វើទំនើប​កម្ម​លើបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹង​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាមានសក្ដានុពលលើវិស័យ​ផ្សេងៗ​​ទៀត ដូច្នេះក្រុមហ៊ុន Dunamu អាចពិនិត្យមើលឱកាសក្នុងការស្វែងរកការ​វិនិយោគ​លើ​វិស័យផ្សេងៗនៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Dunamu គឺជាក្រុមហ៊ុនឯកទេសក្នុងការបង្កើតទម្រង់សម្រាប់ផ្លាស់ប្តូរ​រូបិយប័ណ្ណ Crypto Upbit ដើម្បីផ្តល់សេវាកម្មជួញដូរ Crypto តាមរយៈទូរស័ព្ទ ដោយផ្តល់សុវត្ថិ​ភាព និងភាពងាយស្រួលដល់អតិថិជន និងវិនិយោគិនក្នុងការធ្វើប្រតិបត្តិការ៕