(ស្វាយរៀង)៖ ភ្លៀងផ្គរ លាយឡំខ្យល់កន្ត្រាក់បក់បោកចំផ្លាប៉ាន់ណូផ្សាររាត្រីក្រុងបាវិត បាក់រលំសង្កត់ពីលើរថយន្តទំនើប ១គ្រឿងជាប់ពីលើ ខណៈរថយន្តបើកបរចេញពីផ្សាររាត្រី បង្កឲ្យអ្នកក្នុងរថយន្តភ័យស្លន់ស្លោ បើកទ្វារថយន្តចេញមកក្រៅទាំងព្រលឹងចុងសក់។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៤៖១០នាទីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខផ្សាររាត្រីស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

សូមបញ្ជាក់ថា ភ្លៀងផ្គរខ្យល់កន្ត្រាក់នៅល្ងាចនេះបានបក់បោកយ៉ាងខ្លាំងនៅក្រុងបាវិត ហើយនៅតាមដងផ្លូវជាតិលេខ១ ក៏មានដួលរលំប៉ាន់ណូ ជាច្រើនផងដែរ។ 

បើតាមសមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តសេរីទំនើប ១គ្រឿងម៉ាកអាល់ផាត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2CA-3366 បើកបរដឹកភ្ញៀវចេញពីផ្សាររាត្រី លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែប៉ាន់ណូផ្លាកយីហោផ្ដាររាត្រីបាក់ដួលរលំសង្កត់ពីលើតែម្តង បង្កឲ្យអ្នកធ្វើដំណើរមានការភ័យនាំគ្នារត់រកកន្លែងមានសុវត្ថិភាព។

ជាមួយគ្នានេះលោកអភិបាលខេត្តស្វាយរៀង តែងតែបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេសខ្យល់កន្ត្រាក់ និងរន្ទះជាដើម ហើយក៏សូមឲ្យអាជ្ញាធរ ត្រូវត្រៀមជាប់ជានិច្ចនូវវិធានអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបាន ទាន់ពេលវេលា ពេលមានគ្រោះធម្មជាតិកើតឡើង ជាមួយនិងការបន្តការយកចិត្តទុកដាក់តាមដានការប្រើប្រាស់ទឹកនៅតាមបណ្ដាមូលដ្ឋាន ទាំងនៅក្នុងការបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃ៕