(កំពង់ឆ្នាំង)៖ លោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន បានអះអាងថា ខ្លឹមសារសមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា-ចិន មិនមែនសំដៅទៅលើប្រទេសណាក្នុងតំបន់ និងបញ្ហារសើបៗនោះទេ ហើយតំបន់អាស៉ីអាគ្នេយ៍ មិនមែនជាតំបន់ផ្តាច់មុខរបស់ប្រទេសណាមួយនោះទេ និងបាននិយាយថា ប្រទេសចិន និងកម្ពុជា ​ជាប្រទេសសំខាន់នៅក្នុងតំបន់ មានកាតព្វកិច្ចក្នុងការការពារសន្តិសុខ សន្តិភាព និងជំរុញការអភិវឌ្ឍរួមទាំងក្នុងតំបន់ និងអន្តរជាតិ។

ការអះអាងបែបនេះរបស់ លោកឧត្តមនាវីទោ កៅ សីវឈីង បានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោករួមជាមួយ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញបើកសមយុទ្ធនាគមាស លើកទី៦ ឆ្នាំ២០២៤។ សមយុទ្ធនាគមាសនេះ ប្រព្រឹត្តទៅរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ដោយសមយុទ្ធលើគោកធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងសមយុទ្ធលើផ្ទៃសមុទ្រ ស្ថិតក្នុងខេត្តព្រះសីហនុ។

លោកឧត្តមនាវីទោ កៅ សីវឈីង បានបញ្ជាក់ថា «មិត្តភាពប្រពៃណីចិន និងកម្ពុជា ត្រូវបានពួនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ ទោះបីជាស្ថានភាពការណ៍ពិភពលោកប្រែប្រួលយ៉ាងណាក៏ដោយមិត្តភាពនៅតែមានភាពរឹងមាំ និងមិនអាចមានអ្នកណាបំបែកបាន»។

លោកឧត្តមនាវីទោ កៅ សីវឈីង បានបន្តថា បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជំនាន់ថ្មីនៃប្រទេសទាំងពីរ បានបន្តធ្វើឱ្យទំនាក់ទំនង ទំនុកចិត្តផ្នែកនយោបាយនៃប្រទេសទាំងពីរ កាន់តែរីកចម្រើន រឹងមាំបន្ថែមទៀត។ ប្រទេសកម្ពុជា-ចិន ជាមិត្តល្អ ដៃគូល្អ និងជាគំរូល្អនៃទំនាក់ទំនងអន្តរជាតិប្រភេទថ្មី។

លោកឧត្តមនាវីទោបានបន្ថែមថា ស្របពេលជាមួយគ្នានេះដែរ ទំនាក់ទំនងរវាងកម្ពុជា និងចិន កាន់តែរឹងមាំ ពោរពេញដោយមោទនភាព មិនគ្រាន់តែថ្នាក់ដឹកនាំជាន់ខ្ពស់បានបំពេញទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់លើផ្នែកនយោបាយ ផ្នែកយោធា កាន់តែមានភាពល្អប្រសើរឥតឈប់ឈរនោះទេ ប៉ុន្តែបាននាំឱ្យមានទំនាក់ទំនងប្រាស្រ័យកាន់តែជិតស្និទ្ធ រវាងពលទាហាន នាយទាហាន តាមរយៈការលើកកម្ពស់សមត្ថភាព ឆ្លើយតបការទប់ទល់នឹងការគំរាមកំហែងសន្តិសុខនៅក្នុងតំបន់។

នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិនរូបនេះ បានបញ្ជាក់ថា សម្រាប់សមយុទ្ធនាគមាស ឆ្នាំ២០២៤ ដែលជាការធ្វើសមយុទ្ធរួមគ្នា លើកទី៦ នៅលើទឹកដីកម្ពុជា កងទ័ពទាំងពីរត្រូវតែពួតដៃគ្នា រួមចិត្តតែមួយផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើចំណេះជំនាញ ដើម្បីលើកកម្ពស់សមត្ថភាព និងស្វែងរកចំណេះដឹងរួមគ្នា លើគោលគំនិតវិស័យវប្បធម៌វិស័យថ្មី។ សមយុទ្ធនាគមាស គឺជាកម្រង់គំនូរវាងប្រទេសចិន និងកម្ពុជា តាមរយៈការធ្វើសមយុទ្ធនាគមាសចំនួន៥ដង ដោយទទួលបានភាពជោគជ័យ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

លោកឧត្តមនាវីទោ កៅ សីវឈីង បានសង្កត់ធ្ងន់ថា៖ «តំបន់អាស៉ីអាគ្នេយ៍ មិនមែនជាតំបន់របស់ប្រទេសណាមួយនោះទេ ស្ថានការណ៍សន្តិសុខ សន្តិភាព មានសេចក្តីថ្លៃថ្នូរ តំបន់អាស៉ីអាគ្នេយ៍ មិនអាចក្លាយទៅជាទីកន្លែងប្រកួតប្រជែងរបស់ប្រទេសធំៗ ប្រទេសចិន និងកម្ពុជា ​ប្រទេសសំខាន់នៅក្នុងតំបន់ មានកាតព្វកិច្ចសំខាន់ក្នុងការការពារសន្តិសុខ សន្តិភាព និងជំរុញការអភិវឌ្ឍរួមទាំងក្នុងតំបន់ និងអន្តរជាតិ។ សម្រាប់ខ្លឹមសារសមយុទ្ធនាគមាស រវាងកងទ័ពកម្ពុជា-ចិន មិនមែនសំដៅទៅលើប្រទេសទី៣ណា ដែលមានទំនាក់ទំនងជាមួយស្ថានការណ៍ក្នុងតំបន់ និងបញ្ហារសើបៗទេ»

លោកឧត្តមនាវីទោ កៅ សីវឈីង បានលើកឡើងថា សកម្មភាពសមយុទ្ធសំដៅទៅលើការប្រឆាំងភេរវកម្មអន្តរជាតិ និងសកម្មភាពជួយសង្គ្រោះមនុស្សធម៌ ដោយបានឆ្លុះបញ្ចាំងនូវឆន្ទះដ៏មោះមុត ការការពារ ការអភិវឌ្ឍដោយសន្តិវិធី ជំរុញការពារសន្តិភាព និងសន្តិភាពនៅក្នុងតំបន់។

បើតាមនាយឧត្ដមសេនីយ៍ វង្ស ពិសេន, សមយុទ្ធនាគមាសប្រចាំឆ្នាំ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៤នេះ ត្រូវបានពង្រីកទំហំធំជាងបណ្តាឆ្នាំមុនៗ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើននិងទំនើប ស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើននិងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំនេះ មិនត្រឹមតែជាសមយុទ្ធកម្រិតកងទ័ពជើងគោក និងកងទ័ពជើងគោកនៅលើដីគោកប៉ុណ្ណោះទេ តែមានការពង្រីកដល់លម្អសមុទ្រផងដែរ ហើយសមយុទ្ធនាគមាសនេះ នឹងបន្តរីកចម្រើន និងពង្រីកដល់កងទ័ពជើងអាកាស និងបណ្តាប្រភេទទ័ពជំនាញផ្សេងៗទៀតនាពេលអនាគត។ គោលបំណងនៃសមយុទ្ធនាគមាស-២០២៤ គឺដើម្បីអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពង្រឹងទំនុកចិត្តនយោបាយទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី និងជំរុញកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពទាំងពីរ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា៖ «សមយុទ្ធនាគមាសបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបានរវាងប្រទេសនិងកងទ័ពទាំងពីរកម្ពុជា-ចិន។ សមយុទ្ធនេះផ្តល់សារសំខាន់ដល់ការលើកកម្ពស់សមត្ថភាព និងការយល់ដឹងបន្ថែមដល់កងទ័ពទាំងពីរ ដូចជាការបង្ហាញអំពីសមត្ថភាព ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក បង្កើនការយល់ដឹងពីការបញ្ជាចម្រុះ និងនីតិវិធីប្រតិបត្តិការចម្រុះ យុទ្ធោបករណ៍ បច្ចេកទេស និងជំនាញថ្មីៗ»

នាយឧត្ដមសេនីយ៍ បានបន្តថា កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ កម្ពុជា-ចិន មានការវិវឌ្ឍន៍ឥតឈប់ឈរ ធ្វើឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរត្រូវបានបន្តពង្រឹងពង្រីកកាន់តែស៊ីជម្រៅលើគ្រប់វិស័យ រហូតឈានដល់ «កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដោយការជឿជាក់គ្នា យោគយល់គ្នា គោរពគ្នា ជួយគ្នា និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

តាមសេចក្តីរាយការណ៍របស់ប្រធានក្រុមការងារដឹកនាំសមយុទ្ធប្រទេសទាំងពីរ បានឱ្យដឹងថា សមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពកំដោះប្រជាជនចិនឆ្នាំនេះ មានកម្លាំងចូលរួមសរុប ២,០៧៥នាក់ ក្នុងនោះកងទ័ពកម្ពុជាចំនួន ១,៣១៥នាក់ កងទ័ពរំដោះប្រជាជនចិនចំនួន ៧៦០នាក់ រួមជាមួយគ្រឿងបំពាក់ដូចជា រថពាសដែក យន្តយុទ្ធគ្រប់ប្រភេទ នាវា ឧទ្ធម្ភាគចក្រ រួមនិងបរិក្ខារស៊ើបការណ៍ បរិក្ខារបោសសម្អាតជាតិផ្ទុះ បរិក្ខារបញ្ជូនសារជាច្រើនឈុតទៀត៕