(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប៉ាន់ ប្រមាណថា កញ្ចប់ហិរញ្ញវត្ថុដែលត្រូវការ សម្រាប់យកមកចំណាយលើកម្មវិធីសន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុគ្រប់វិស័យទាំងអស់ជាង ៧ប៊ីលានដុល្លារអាមេរិក ក្នុងនោះចំនួន២ពាន់លានដុល្លារ សម្រាប់កម្មវិធីបន្ស៊ាំ និងចំនួន ៥,៨ពាន់លានដុល្លារ សម្រាប់កម្មវិធីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) ដូចបានកំណត់ក្នុងគោលដៅកាត់បន្ថយឱ្យបានក្នុងរង្វង់ ៤២ភាគរយ នៅត្រឹមឆ្នាំ២០៣០។ នេះបើតាមការឱ្យដឹងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព។

នៅក្នុងវេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៤ ដែលបាននិងកំពុងធ្វើឡើងនៅក្នុងរាជធានីភ្នំពេញពីថ្ងៃទី១៦-១៧ ខែឧសភា ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហការ និងសាមគ្គីភាពដ៏រឹងមាំ ក្នុងចំណោមក្រសួងពាក់ព័ន្ធ វិស័យសាធារណៈ និងឯកជន និងដៃគូអភិវឌ្ឍន៍ ក្នុងការបង្ហាញពីការប្តេជ្ញាចិត្តដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាសកល។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ការប្រែប្រួលអាកាស ធាតុ កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះសុខុមាលភាព និងភពផែនដី រួមមាន៖ រលកកម្តៅ ភ្លៀងធ្លាក់ខ្លាំង និងគ្រោះរាំងស្ងួតកាន់តែញឹកញាប់។ ដូច្នេះ អ្វីដែលយើងត្រូវធ្វើនៅកម្រិតពិភពលោក គឺការអនុវត្តវិធានការកាត់បន្ថយ និងការសម្របខ្លួន ការកសាងភាពធន់របស់សហគមន៍ងាយរងគ្រោះប្រឆាំងនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការធ្វើឱ្យមានវឌ្ឍនភាពល្អ លើការប្តេជ្ញាចិត្តហិរញ្ញប្បទានអាកាសធាតុ ១០០ពាន់លានដុល្លារ ដើម្បីគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាជាប្រទេសងាយរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតុនេះ ដោយតាមរយៈការកើនឡើងសីតុណ្ហភាព ត្រូវបានព្យាករថា នឹងកាត់បន្ថយផលិតភាពក្នុងវិស័យកសិកម្ម នេសាទ និងព្រៃឈើ និងកាត់បន្ថយផលិតភាពការងារនៅលើវិស័យច្រើនទៀត។ បច្ចុប្បន្នការប្រែប្រួលអាកាសធាតុពិតជាកំពុងធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ សេដ្ចកិច្ចសង្គមជាតិ ខណៈក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹងនិងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងការរស់នៅស្អាតបៃតងនិងចីរភាព ដែលកំណត់ជាមុំយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។

លោកបណ្ឌិត បានលើកឡើងពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់នៅរបស់ប្រជាជន លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ។ លោកបានលើកទឹកចិត្តឱ្យមានការប្រកួតប្រជែញគ្នាលើការបញ្ជាក់ និងការវាយតម្លែឥណទានកាបូននៅលើពិភាពលោក ហើយចំពោះប្រទេសកម្ពុជា លោកបានសង្កត់ធ្ងន់លើការវិនិយោគឥណទានកាបូនពីវិស័យកសិកម្ម ថាមពល ការដឹកជញ្ជូន និងការគ្រប់គ្រងសំណល់រឹងរាវ។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាបានតាំងចិត្តកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួនប្រមាណ៤១% នៅត្រឹមឆ្នាំ២០២៣ ប្រសិនជាមានការផ្តល់ហិរញ្ញប្បទាន និងបច្ចេកវិទ្យាគ្រប់គ្រាន់ ម្យ៉ាងទៀតដើម្បីសម្រេចបានយុទ្ធសាស្ត្រអព្យាក្រិតកាបូន គឺត្រូវទាមទាឱ្យការបញ្ចេញពីប្រភពមានតុល្យភាពជាមួយអាងកាបូន។ លោកបណ្ឌិតបានជំរុញឱ្យមានការផ្តល់ហិរញ្ញប្បទានអាកាសធាតុប្រកបដោយយុត្តិធម៌ ជាពិសេសសដល់ប្រទេសដែលរងគ្រោះ និងត្រូវការពិតប្រាកដដើម្បីឆ្លើយតបនឹងការប្រែប្រួលការកាសធាតុ។

លោក Kevin W Lee ប្រធានមូលនិធិ W-Foundation បានលើកឡើងថា វេទិកាពិភពលោកស្តីពីសកម្មភាពអាកាសធាតុ ឆ្នាំ២០២៤ បាននាំមកនូវគំនិតជាច្រើន កាលានុវានុវត្តន៍នៃការផ្លាស់ប្តូរលទ្ធផលសិក្សាស្រាវជ្រាវ ការកសាងភាពជាដៃគូថ្មីៗ ដើម្បីចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការឆ្លើយតបដោយប្រសិទ្ធភាព ការប្រែប្រួលអាកាសធាតុនៅលើសាកលលោក និងនៅប្រទេសកម្ពុជាផងដែរ។

ធនាគារពិភពលោក កាលពីកន្លងទៅ បានលើកឡើងថា កម្ពុជាអាចសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួនបាន ប្រសិនបើប្រទេសនេះធ្វើចំណាត់ការលើបម្រែបម្រួលអាកាសធាតុ តាមរយៈសកម្មភាពធំៗចំនួន៣ គឺកាត់បន្ថយឱ្យបានច្រើននូវភាពងាយរងគ្រោះដោយ សារបម្រែបម្រួលអាកាសធាតុ, ការសម្របឡើងវិញនូវគន្លងបំភាយកាបូននៅក្នុងការអភិវឌ្ឍ និងការតម្រង់ទិសឡើងវិញសម្រាប់សេដ្ឋកិច្ច ដើម្បីក្រសោបយកឱកាសថ្មីៗពីការធ្វើអន្តរកាលទៅរកការអភិវឌ្ឍបៃតងលើសកលលោក។

យោងតាមការព្យាករអាកាសធាតុ ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅនៅក្នុងប្រទេសកម្ពុជា នឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រសិនបើគ្មានវិធានការបន្ស៊ាំ និងកាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យកម្ពុជាខាតបង់ផលិតផលក្នុងស្រុកសរុបអស់៩ភាគរយ គិតត្រឹមឆ្នាំ២០៥០ និងធ្វើឱ្យអត្រាភាពក្រីក្រកើនឡើង៦ភាគរយពិន្ទុ គិតត្រឹមឆ្នាំ២០៤០៕