(ទីក្រុងសេអ៊ូល-កូរ៉េខាងត្បូង)៖ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លេខាទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូ និងក្រុមអ្នកវិនិយោគកម្ពុជា ដែលមានអ្នកឧកញ៉ា សៀ ឫទ្ធី ជាតំណាងវិស័យឯកជន បានជួបពិភាក្សាជាមួយគណៈប្រតិភូមេដឹកនាំធុរកិច្ចកូរ៉េល្បីៗនៅសណ្ឋាគារ LOTTE ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ កិច្ចប្រជុំនេះ បានផ្តោតលើការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងកូរ៉េខាងត្បូង និងការស្វែងរកឱកាសវិនិយោគដ៏មានសក្តានុពលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គណៈប្រតិភូកូរ៉េ ដែលបានចូលរួមនៅក្នុងប្រជុំពិភាក្សានេះ រួមមានតំណាងជាន់ខ្ពស់មកពីក្រុមហ៊ុនឈានមុខគេដូចជា៖ LG Electronics, Hanshin, Daewoo E&C, EMART Group, LX International, CAMKO Motor Company និង Mastern Partners Corporation ជាដើម ខណៈដែលខាងវិស័យឯកជនរបស់កម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល WorldBridge Group។

ការពិភាក្សាផ្តោតលើឱកាសវិនិយោគដ៏អំណោយផលរបស់កម្ពុជា និងសក្តានុពលសម្រាប់ក្រុមហ៊ុនកូរ៉េ ក្នុងការបង្កើតគម្រោងផលិតកម្ម និងអភិវឌ្ឍន៍អចលនទ្រព្យថ្មីៗនៅកម្ពុជា។ ជាមួយគ្នានេះ ក្រុមហ៊ុនកូរ៉េមួយចំនួនបានបង្ហាញចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើគម្រោងថ្មី និងពង្រីកប្រតិបត្តិការដែលមានស្រាប់នៅប្រទេសកម្ពុជា។

ជាលទ្ធផលសំខាន់នៃកិច្ចប្រជុំ ក្រុមហ៊ុន WorldBridge Group ដែលជាអ្នកផ្តួចផ្តើមការជួបជុំអាហារពេលព្រឹកជាមួយនឹងក្រុមមេដឹកនាំធុរកិច្ចកូរ៉េ បានប្រកាសថា ខ្លួននឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daewoo E&C ដើម្បីអភិវឌ្ឍគម្រោងអចលនទ្រព្យនៅកម្ពុជា។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀ ឬទ្ធី បានបង្ហាញទំនុកចិត្តលើសក្តានុពលនៃភាពជាដៃគូ ដែលមានអត្ថប្រយោជន៍ទៅវិញទៅមករវាងធុរកិច្ចកម្ពុជា និងកូរ៉េ។ អ្នកឧកញ៉ា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចែករំលែកចំណេះដឹង និងការសហការគ្នា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

កិច្ចប្រជុំខាងលើនេះ បានបញ្ចប់ដោយមានការប្តេជ្ញាចិត្តជាថ្មីពីភាគីទាំងសងខាង ក្នុងការស្វែងរកមធ្យោបាយបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការ និងធ្វើការឆ្ពោះទៅរកភាពជាដៃគូសេដ្ឋកិច្ចដ៏រឹងមាំរវាងកម្ពុជា និងកូរ៉េខាងត្បូង៕