(កំពត)៖ ក្រុមការងារផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ក្នុងស្រុកកំពង់ត្រាច នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានចុះធ្វើបទបង្ហាញនិ ងអប់រំជូនសិស្សានុសិស្សនៃស្តីពីផលប៉ះពាល់គ្រឿងញៀន និងបានណែនាំក្នុងការប្រើប្រាស់ពី App NoDrung ជូនដល់សិស្សានុសិស្សនៃវិទ្យាល័យសម្តេច ហ៊ុន សែនអង្គសុរភីចំនួន ១,១៦៥នាក់ ស្ថិតនៅស្រុកកំពង់ត្រាច។

សូមបញ្ជាក់ថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្កើត និងដាក់ដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ ដែលមានឈ្មោះថា NoDrug ដែលសម្ពោធដាក់ឱ្យដំណើការកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤កន្លងទៅ។ ជាមួយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ជំរុញ និងលើកទឹកចិត្តដល់មហាជនទូទៅ ជាពិសេស យុវជន យុវនារី និស្សិត និងសិស្សឱ្យទាញយកនិងប្រើប្រាស់ឱ្យបានទូលំទូលាយនូវកម្មវិធីទូរស័ព្ទដៃ NoDrug នេះ។

ឆ្លើយតបទៅនឹងអនុសាសន៍នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការជាតិ និងអន្តរជាតិ មហាជនទូទៅទាំងអស់ ជាពិសេស យុវជន យុវនារី សិស្ស និងនិស្សិត សូមចូលរួមទាញយកកម្មវិធីទូរស័ព្ទដៃ NoDrug នេះ និងប្រើប្រាស់ឱ្យបានទូលំទូលាយគ្រប់ៗគ្នា ដើម្បីទទួលបាននូវសារអប់រំ ព័ត៌មានទាន់ហេតុការណ៍ ចំណេះដឹងពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ព័ត៌មាន ពាក់ព័ន្ធនឹងការផ្តល់សេវាព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន និងជាពិសេសអាចប្រើប្រាស់ជា មធ្យោបាយក្នុងការរាយការណ៍អំពីករណីការប្រើប្រាស់ ការជួញដូរ ការដឹកជញ្ជូន និងការកែច្នៃផលិតគ្រឿងញៀន ក្នុងសហគមន៍ មកកាន់ក្រុមការងារទទួលព័ត៌មាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការជាក់ស្តែង ដែលអាច ឈានទៅបង្ការ ទប់ស្កាត់ បង្ក្រាបទាន់ពេលវេលា សំដៅកាត់បន្ថយនិងលុបបំបាត់គ្រឿងញៀនពីសហគមន៍ ស្របតាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នា ដើម្បីជីវិតនិងសហគមន៍គ្មានគ្រឿងញៀន»។