(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ញើសារលិខិតជូនពរលោក លឹម ជាវុត្ថា សហស្ថាបនិក និងជាអគ្គនាយក បណ្តាញព័ត៌មាន Fresh News ក្នុងឱកាសនៃខួប១០ឆ្នាំ នៃថ្ងៃកំណើតរបស់អង្គភាពព័ត៌មានរបស់ខ្លួន។
ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់ថា៖ «ក្នុងឱកាសនៃខួប១០ឆ្នាំ នៃថ្ងៃកំណើតរបស់បណ្តាញព័ត៌មាន Fresh News ខ្ញុំសូមជូនអបអរសាទរ និងសូមកោតសរសើរជូនចំពោះ លោក លឹម ជាវុត្ថា ព្រមទាំងបុគ្គលិកគ្រប់រូប នៃបណ្តាញព័ត៌មាន Fresh News ដែលបានបំពេញការងាររបស់ខ្លួន យ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលា ជូនប្រជាពលរដ្ឋ បានដឹង ដើម្បីស្វែងយល់ អំពីសភាពការណ៍ពិត និងនាំសារពីប្រជាពលរដ្ឋទៅកាន់រាជរដ្ឋាភិបាល និងនាំសារពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ។
គិតមកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ បណ្តាញព័ត៌មាន Fresh News បានបង្កើត ឡើងមានរយៈពេល ១០ឆ្នាំហើយ ដែលបាននិងកំពុងឈរជើង លើសមរភូមិព័ត៌មានយ៉ាងរឹងមាំ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ហើយរយៈពេល១០ឆ្នាំនេះ បណ្តាញព័ត៌មាន Fresh News ទទួលបានការគាំទ្រយ៉ាងច្រើន ពីមិត្តអ្នកអានជាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលអាចនិយាយបានថា ជាភាពជោគជ័យមួយ ក្នុងវិស័យព័ត៌មានពោរពេញ ដោយការប្រកួតប្រជែង ក្នុងយុគសម័យព័ត៌មានបច្ចេកវិទ្យាដ៏ទំនើបនេះ។ ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោត សរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប នៃបណ្តាញព័ត៌មាន Fresh News ដែលបាន ខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីយ៉ាងសកម្ម និងសូមអបអរសាទរនូវសមិទ្ធផលការងារ ទាំងឡាយ ដែលបណ្តាញព័ត៌មាន Fresh News សម្រេចបានកន្លងមក។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ លោក លឹម ជាវុត្ថា សហស្ថាបនិក និងជាអគ្គនាយក ព្រមទាំង បុគ្គលិកគ្រប់រូប នៃបណ្តាញព័ត៌មាន Fresh News សូមមានសុខភាពល្អបរិបូណ៌ មានសុភមង្គល ក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរ និងពរ ទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕