(កំពង់ឆ្នាំង)៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង នៅព្រឹក១៥ ខែឧសភា ឆ្នាំ២០២៤នេះ បានរៀបចំពិធីសំណេះសំណាល ជាមួយបេក្ខជនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក និងអង្គបោះឆ្នោតជាក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីផ្សព្វផ្សាយផែនការយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សាក្រុង ស្រុករបស់គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងពេលខាងមុខនេះ។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងលោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ដោយមានសមាជិក សមាជិកាគណបក្ស ជាសមាជិកក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ចូលរួមសរុបចំនួន៨៤៩នាក់។
លោក ស៊ុន សុវណ្ណារិទ្ធិ បានអានរបាយការណ៍បូក សរុបអំពីវឌ្ឍនភាព នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ជូនអង្គពិធីស្តាប់យ៉ាងក្បោះក្បាយដើម្បីជាមូលដ្ឋានដល់សាខាបក្ស ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងឃុំសង្កាត់ ក្នុងការបន្តអនុវត្តគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត ក្រោមម្លប់សុខសន្តិភាព។
លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្ដល់នូវអនុសាសន៍ដឹកនាំ និងណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំបក្សគ្រប់សាខាបក្ស នៅគ្រប់មូលដ្ឋានបក្ស ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឺងម៉ាត់ និងត្រឹមត្រូវនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។
ជាពិសេសត្រូវយកចិត្តទុកដាក់ចូលរួមឲ្យបានសកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត និងក្រុងស្រុក និងការចូលរួមរបស់អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ត្រូវតែគោរពច្បាប់ស្ដីពីការបោះឆ្នោតឲ្យបានខ្ជាប់ខ្ជួន និងត្រូវមានវត្ត មានទៅបោះឆ្នោតគ្រប់ៗរូប ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះក្នុងពេលខាងមុខនេះ៕