(បន្ទាយមានជ័យ)៖ លោកឧត្ដមសេនីយ៍ឯក ជុំ ផល្លា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្ដមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំសហការីចុះបំពេញបេសកកម្ម នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការចុះបំពេញបេសកកម្មនេះ លោកឧត្ដមសេនីយ៍ឯក ជុំ ផល្លា និងលោកឧត្ដមសេនីយ៍ទោ វឌ្ឍនៈ មង្គល បានអញ្ជើញទៅត្រួតពិនិត្យភូមិសាស្ត្រ ស្លាបឆ្វេង ស្លាបស្ដាំ និងគោលដៅប្រតិបត្តិការរបស់ប៉ុស្តិ៍ បន្ទាប់មកជួបប្រជុំសំណេះសំណាលជាមួយមន្ត្រី នៅសាលប្រជុំស្ថានីយរថភ្លើងប៉ោយប៉ែត។

ថ្លែងក្នុងឱកាសនោះ លោកបាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្ដមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងក្រើនរំលឹកដល់មន្ត្រីប៉ុស្តិ៍ទាំងអស់ ត្រូវខិតខំបំពេញតួនាទីភារៈកិច្ច បម្រើសេវាជូនអ្នកដំណើរជាតិ-អន្តរជាតិ ឲ្យបានល្អប្រសើរ ប្រកបដោយស្នាមញញឹម សុជីវធម៌ ភាពទន់ភ្លន តែត្រូវហ្មត់ចត់ក្នុងការងារ។ ជាពិសេសត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមុខសញ្ញាបញ្ជីខ្មៅដែលថ្នាក់លើប្រគល់ជូន និងត្រូវប្រកាន់ភ្ជាប់នូវវិន័យកងកម្លាំនគរបាលជាតិ និងត្រូវបង្កើនស្មារតីទទួលខុសត្រូវបន្ថែមទៀត ក្នុងការសម្របសម្រួលដំណើរចូល-ចេញជូនពលករខ្មែរដែលទៅធ្វើការងារនៅក្រៅប្រទេស។

លោកបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់លោកឧត្ដមសេនីយ៍ត្រី នាយប៉ុស្តិ៍ និងមន្រ្តីក្រោមឱវាទទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ទាំងការសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ជាពិសេសជាមួយភាគីថៃ ក្នុងការអនុវត្តការងារជំនាញតាមតួនាទីភារកិច្ចបានយ៉ាងល្អ ហើយលោកបានផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួន ដើម្បីឆ្លុះបញ្ចាំងពីគន្លឹះក្នុងការបញ្ជាដឹកនាំមន្រ្តីក្រោមឱវាទប្រកបដោយស្ថេរភាព និងប្រសិទ្ធភាពខ្ពស់៕