(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអរគុណដល់អ្នកបរិស្ថានវៀតណាម ដែលបានចេញមកអះអាងថា ទឹកហូរតាមព្រែកជីកហ្វូណនតេជោ អស់បរិមាណទឹកតិចតួចបំផុត បើធៀបបរិមាណទឹកកំពុងហូរតាមប្រទេសវៀតណាមចូលទៅកាន់សមុទ្រនាពេលបច្ចុប្បន្ននេះ។

តាមរយៈការថ្លែងសារពិសេសជាវីដេអូពាក់ព័ន្ធព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែនបានថ្លែងដូចនេះថា «ខ្ញុំសូមអរគុណចំពោះអ្នកវិទ្យាសាស្ត្រវៀតណាមដែលចេញមកអះអាងថា បើព្រែកជីកនេះដំណើរការវាអស់ចំនួនតូចណាស់បើប្រៀបធៀបជាមួយនឹងទឹកទន្លេមេគង្គដែលកំពុងហូរ ហើយក្នុងករណីដែលមានការបង្ករបង្កើនផល វាក៏មានចំនួនតូចណាស់បើប្រៀបធៀបជាមួយនឹងទន្លេមេគង្គដែលកំពុងហូរ វាអត់ត្រូវការបាត់ដល់ទៅ ៥០ភាគរយ ដូចដែលវិទ្យាស្ថានកាន់ធើរ បានធ្វើការអះអាងទេ»។

សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចត្រូវតែនិយាយចាប់ពីពេលនេះទៅដើម្បីជំរុញទៅលើការអនុវត្តន៍ជាក់ស្តែងទៅលើបញ្ហាការដឹកជញ្ជូនផ្លូវទឹកនេះ នឹងសូមឱ្យប្រជាពលរដ្ឋខ្មែរមើលឱ្យហួសពីព្រំដែននៃផលចំនេញខាងសេដ្ឋកិច្ច និងសង្គម ទៅជាផលចំនេញនៃឯករាជ្យខាងនយោបាយ លើបញ្ហាការដឹកជញ្ជូនផ្លូវទឹកនេះ។

សម្តេចតេជោ បានថ្លែងដែរថា «មានជនបរទេសមួយចំនួនបានចាប់ផ្តើមសរសេរហើយ ខ្ញុំគិតថាគេសរសេរត្រូវ គេថាប្រសិនបើកម្ពុជាជីកបានព្រែកជីកនេះ (ព្រែកជីកហ្វូណនតេជោ) ឥទ្ធិពលរបស់វៀតណាមមកលើកម្ពុជា នឹងត្រូវបានកាត់បន្ថយ វាជារឿងពិតខ្ញុំទទួលស្គាល់ ព្រោះកាលណាយើងពឹងដង្ហើម ពឹងផ្លូវរបស់គេ ជំពាក់ត្រូវតែសម្រុះសម្រួល គេទារថ្លៃយើងឱ្យថ្លៃ ប៉ុន្តែមិនដល់កម្រិតគេទាមទារមិនសមហេតុ សមផលនោះទេ»

សូមបញ្ជាក់ដែរថា បើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះបានឱ្យដឹងថា នៅក្នុងខែប្រាំង ទឹកទន្លេមេគង្គបានហូរចាក់ទៅក្នុងសមុទ្រអស់ប្រមាណ ៨ពាន់ម៉ែត្រគីបក្នុងមួយវិនាទី, ទឹកទន្លេបាសាក់ ១៤០០ម៉ែត្រគីបក្នុងមួយវិនាទី។ ខណៈដែលគម្រោងព្រែកជីកហ្វូណនតេជោ យ៉ាងច្រើនទឹកហូរចូលទៅក្នុងសមុទ្រ មានចំនួន ៥ម៉ែត្រគីបក្នុងមួយវិនាទី ឫស្មើរនឹង ០.០៥៣% តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍន៍គម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណន-តេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណន-តេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ហើយកាត់បន្ថយតម្លៃដឹកជញ្ជូន ពេលវេលា ខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញ ពីកម្ពុជា ទៅសមុទ្រ ការបង្កើត តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រី ទឹកសាប នៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ។ល។ និយាយជារួមគម្រោងព្រែកជីកហ្វូណន-តេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕