(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា អ្នកដែលលើកឡើងថា​ ព្រែកជីកហ្វូណនតេជោ នឹងត្រូវបានប្រើប្រាស់ដើម្បីចល័តកងទ័ពជើងទឹក គឺជាជនដែលខ្សោយយុទ្ធសាស្ត្រ ហើយមិនសមជាបញ្ញវន្ត ឬអ្នកស្រាវជ្រាវទេចំពោះ។ សម្តេចបានសម្រេចមើលស្រាលពីសមត្ថភាពរបស់ជននោះផងដែរ។

តាមរយៈការថ្លែងសារពិសេសជាវីដេអូ ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានជំទាស់ទៅនឹងការលើកឡើងរបស់ជនមួយចំនួនដែលថា ព្រែកជីកហ្វូណនតេជោ នឹងត្រូវបានប្រើប្រាស់ដោយកងទ័ពជើងទឹករបស់ចិន។

សម្តេចបានលើកឡើងដូច្នេះថា៖ «ខ្ញុំគិតថា វាគួរឲ្យខ្មាស់អៀនណាស់ សម្រាប់ជនទាំងឡាយណា ដែលបានលើកគំនិតបែបនេះ សម្រាប់នាវាចម្បាំង បើទោះបីជាទន្លេមេគង្គ កាលពីសម័យមុន ដែលមានកន្លែងខ្លះ ជាង១ពាន់ម៉ែត្រ កន្លែងខ្លះ ១៥០០ម៉ែត្រ ឬយ៉ាងតិច ៨០០ម៉ែត្រ គង់គេបាញ់លិច ចុះទម្រាំធ្វើកូនព្រែកជីកមួយ ដែលមានទទឹងត្រឹមតែ១០០ម៉ែត្រ ហើយផ្នែកខាងក្រោមមានត្រឹម៨០ម៉ែត្រ ជម្រៅទឹក៤-៥ម៉ែត្រ បែបនេះ វាមានតម្រូវការក្នុងការចល័តកងទ័ពតាមជើងទឹកទេ?»

កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ កាសែត The Straitstimes ដែលមានស្នាក់ការនៅប្រទេសសិង្ហបុរី បានចុះផ្សាយដោយដាក់ចំណងជើងថា៖ «វៀតណាមបារម្ភថា គម្រោងព្រែកជីកនៅកម្ពុជាអាចជាច្រកដ៏មានសក្តានុពលសម្រាប់យោធាចិន»។ អត្ថបទនោះបានដកស្រង់ការរៀបរាប់ពីអត្ថបទរបស់អ្នកស្រាវជ្រាវមកពីវិទ្យាស្ថានគាំទ្រដោយរដ្ឋវៀតណាម ដែលបានព្រមានថា ព្រែកជីកគឺជាគម្រោង «មុខពីរ» ដែលទន្ទឹមនឹងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏អាចសម្រួលដល់វត្តមានយោធារបស់ចិនយ៉ាងជ្រៅនៅក្នុងទឹកដីកម្ពុជា ក្បែរតំបន់ជិតព្រំដែនជាមួយវៀតណាមផងដែរ។ លោក សម រង្ស៉ី និងក្រុមប្រឆាំងក្រៅច្បាប់ ក៏បានចោទប្រកាន់ដូចគ្នាជាមួយនឹងវៀតណាមថា ព្រែកជីកនេះ នឹងសម្រួលដល់ការដឹកសព្វាវុធចិនមកកាន់ប្រទេសកម្ពុជាផងដែរ។

ជាមួយនឹងការច្រានចោល នូវគំនិតនេះ សម្តេចក៏បានចោទសួរថា តើវាមានតម្រូវការក្នុងការប្រើប្រាស់ជើងទឹកដើម្បីប្រយុទ្ធ នៅក្នុងស្ថានភាពភូមិសាស្ត្រមួយដែលវាមិនតម្រូវទេ? សម្តេចបានលើកឡើងថា បើសិនជាមានមេទ័ព ដែលគិតបែបនេះ កងទ័ពនោះនឹងបរាជ័យទាំងស្រុង ហើយបើសិនជាមាននរណាមួយមកនិយាយជាមួយសម្តេច សម្តេចក៏នឹងប្រាប់ទៅវិញថា «អ្នកឯងមិនចេះកងទ័ពទេ»

សម្តេចបានបញ្ជាក់បន្ថែមថា៖ «អ្នកមិនស័ក្តិសមជាបញ្ញវន្ត ឬអ្នកស្រាវជ្រាវនៅក្នុងយុទ្ធសាស្ត្រទេ កុំថាឡើយ ដល់យុទ្ធសាស្រ្ត ជាសេនាធិការកងទ័ព ឬមេបញ្ជាការកងទ័ព សូម្បីតែយុទ្ធសាស្រ្តនៃកងឈ្លប ដែលវាយឆ្មក់ ក៏មិនសមស្របផង ខ្ញុំពិតជាមើលស្រាលនូវសមត្ថភាពរបស់ពួកអ្នកឯង»

សម្តេចបានលើកឡើងថា អ្នកដែលលើកឡើងទាំងនោះគ្រាន់តែប្រឆាំងកម្ពុជា ក្នុងក្របខណ្ឌយុទ្ធសាស្រ្តនយោបាយ ដើម្បីតម្រង់ទៅរកការប្រឆាំងចិន ហើយពួកគេក៏បានធ្វើអំពើឆោតល្ងង់ តើមានហេតុផលទេ ក្នុងការចល័តនាវាចម្បាំង នៅក្នុងកូនព្រែកដ៏តូច ដែលសូម្បីតែបត់កប៉ាល់ ក៏មិនបានផង៕