(ភ្នំពេញ)៖ ក្នុងពិធីប្រកាសបើកយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា និងសិស្សានុសិស្សជាង ៨លាននាក់ ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនប្រជាពលរដ្ឋសរុប បានចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុង១ថ្ងៃប្រមាណជាង ៣០លានថង់ប្លាស្ទិក។

ជាមួយគ្នានេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញការសាទរចំពោះជោគជ័យរួមរបស់កម្ពុជានេះថា គឺជាជោគជ័យមួយដែលលើសពីការរំពឹងទុក ពីព្រោះថា ត្រឹមតែរយៈពេល ៨ខែ និង២៣ថ្ងៃប៉ុណ្ណោះ កម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ តាមរយៈសាមគ្គីភាព និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា ការសម្រេចបានលើសពីការរំពឹងទុកនេះ គឺបានមកពីកត្តាចំនួន៣ចំណុច ក្នុងនោះរួមមាន៖ ផ្ទៃក្នុងរបស់ក្រសួងបរិស្ថានដែលមានថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចំណែកខាងក្រៅវិញ គឺបានមកពីការយកចិត្តទុកដាក់ និងរួមចំណែកពីស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា ហើយចំណុចទី៣ គឺជាការទទួលស្គាល់ពីអន្តរជាតិថា ខ្មែរស្អាត ខ្មែរធ្វើបាននេះហើយជាមោទនភាពរបស់កម្ពុជាលើឆាកអន្តរជាតិ ដើម្បីសម្រេចបានជោគជ័យជាបន្តបន្ទាប់ទៀត ចាំបាច់ត្រូវតែមានសុទិដ្ឋិនិយមជានិច្ច ហើយសុទិដ្ឋនិយមនេះ គឺជាមាគ៌ាឆ្ពោះទៅកាន់ភាពជោគជ័យស្របតាមយុទ្ធសាស្រ្តចក្រា ដែលមានភាពសាមញ្ញ ងាយយល់ ងាយធ្វើ និងអាចពង្រីកទៅមុខបានយូរង្វែង។

សូមរម្លឹកជូនថា បទពិសោធន៍ជោគជ័យនៃយុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ ដែលបានកាត់បន្ថយប្លាស្ទិកក្នុង១ថ្ងៃជាង ៣០លានថង់នេះ បានរំលេចចេញនូវយុទ្ធនាការជាបន្តបន្ទាប់ដូចជា៖ យុទ្ធនាការ ដាំដើមឈើយ៉ាងតិច ១លានដើម នៅថ្ងៃទី១០ តុលា ឆ្នាំ២០២៣ យុទ្ធនាការផ្ទៃមេឃពណ៌ខៀវ ១៥ វិច្ឆិកា ឆ្នាំ២០២៣ យុទ្ធនាការសំអាតបឹងទន្លេសាប នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីឆ្ពោះទៅយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាត្រីវិស័យតម្រង់ទិស៕