(ស្វាយរៀង)៖ លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០២៤នេះ បានដឹកនាំក្រុមការងារធ្វើតេស្តបញ្ចប់វគ្គ បណ្តុះបណ្តាលកម្រិត សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET1.5M នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង។

នាឱកាសនោះលោក មុត ចិន្តា បានថ្លែងថា ក្រោយការប្រកាសដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១.៥លាននាក់ ដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានធ្វើការប្រកាសជ្រើសរើស និងចុះជ្រើសរើសតាមបណ្តាក្រុង ស្រុកនិងបណ្តាឃុំ សង្កាត់ ទូទាំងខេត្តស្វាយរៀង។ 

លោកនាយកវិទ្យាស្ថានបានបន្តថា យោងតាមផែនការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ វិទ្យាស្ថានមានកាតព្វកិច្ចបណ្តុះបណ្តាលសិក្ខាកាមប្រមាណ ៣៤,០០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៨។ សិស្សបានចុះឈ្មោះចូលរៀនសរុបចំនួន ៤៨៦នាក់ ស្រីចំនួន២៨៣នាក់ លើមុខជំនាញចំនួន៤ គឺជំនាញការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, ជំនាញសេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ជំនាញសេវាកម្មថែទាំ និងជួសជុលរថយន្ត និងជំនាញជួសជុល និងថែទាទាំបរិក្ខារអេឡិចត្រូនិក ជំនាញសំអាងកាយ ជំនាញសេវាកម្មកុំព្យូទ័រ ដោយមានសិក្ខាកាមមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៤២នាក់ ស្រី១០៧នាក់។ 

លោកបានបន្ថែមថា ថ្ងៃនេះមានសិស្សចំនួន ១២២នាក់ ស្រី១១នាក់ បានបំពេញគ្រប់លក្ខខណ្ឌរបស់វិទ្យាស្ថាន អាចធ្វើតេស្តបញ្ចប់ការសិក្សាបញ្ជាក់អំពីសមត្ថភាពរបស់ពួកគាត់ ដើម្បីទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ 

លោកបានបន្ថែមថាទន្ទឹមនឹងការធ្វើតេស្តបញ្ជាក់សមត្ថភាពនេះ សិស្សប្រមាណ ៧០ភាគរយ បាននឹងកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស យានដ្ឋានទៅតាមសមត្ថភាពរបស់ពួកគាត់រៀងៗខ្លួនៗ ហើយនៅប្រមាណ ៣០ភាគរយទៀត វិទ្យាស្ថាននឹងរៀបចំឱ្យពួកគាត់ទៅបំពេញការងារនៅតាមរោងចក្រ សហគ្រាស និងយានដ្ឋាន ពោលគឺសិស្សទាំងអស់ក្រោយរៀនចប់ ត្រូវមានការងារធ្វើ ស្របតាមប្រសាសន៍ដ៏មានតម្លៃដ៏ឧត្តុង្តឧត្តមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»៕