(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាឧត្តម​ភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤ថ្ងៃ​នៅ​ប្រទេសកូរ៉េខាងត្បូង។

ដំណើរបំពេញទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងតបតាមការអញ្ជើញ​របស់​លោក យូន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង។

ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងប្រទេសកូរ៉េខាងត្បូងនាពេលនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង ឱ្យកាន់តែល្អប្រសើរថែមទៀត។

ឆ្លៀតក្នុងឱកាសនេះ Fresh News សូមដកស្រង់នូវព័ត៌មានសំខាន់ៗមួយចំនួនពាក់ព័ន្ធ​ទំនាក់ទំនងរវាងប្រទេសទាំងពីរ៖

+ ទំនាក់ទំនងការទូត៖

កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើងវិញ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។

បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ​ត្រូវបាន​ពង្រឹង​ពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។

ដើម្បីពូនជ្រំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូង សមេ្ដចតេជោ ហ៊ុន សែន ពេលនៅជានាយករដ្ឋមន្ត្រីរបស់កម្ពុជា បានបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចំនួន៨លើក។ ក្នុងនោះទស្សនកិច្ចផ្លូវការចំនួន៥លើក ធ្វើឡើងឆ្នាំ១៩៩៦, ២០០១, ២០០៦, ២០០៩ និង ២០១៤។ ទស្សនកិច្ចក្រៅផ្លូវការចំនួន ៣លើក ធ្វើឡើងនៅឆ្នាំ២០០៨, ២០២០ និង២០២២។

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ដែលអញ្ជើញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រួមមាន­អតីត​ប្រ​ធា​នា​ធិបតី រ៉ូ មូយុន ទស្សនកិច្ចផ្លូវរដ្ឋនៅថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០០៦, អតីតប្រធានា​ធិប​តី លី ម្យុងបាក់ ទស្សនកិច្ច ២លើក គឺទស្សនកិច្ចផ្លូវរដ្ឋនៅខែតុលា ឆ្នាំ​២០០៩ និងចូលរួមកិច្ច​ប្រជុំកំពូលពាក់ព័ន្ធអាស៊ាន នៅខែវិច្ឆិកា ឆ្នាំ២០១២, ­អតីតប្រធានាធិបតី មូន ចេអ៉ីន ទស្សនកិច្ចផ្លូវរដ្ឋ នៅខែមីនា ឆ្នាំ២០១៩។ ជាមួយគ្នានោះ លោកប្រធានាធិបតី យូន ស៊កយ៉ល បានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងប្រជុំកំពូលពាក់ព័ន្ធ នៅខែវិច្ឆិកា ឆ្នាំ២០២២។

+ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច៖

ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅឆ្នាំ២០២៣ មានទំហំថវិកាសរុបប្រមាណ ៧៥១លានដុល្លារ។ រយៈពេល៣ខែឆ្នាំ២០២៤ សម្រេចបានជិត ២០០លានដុល្លារអាមេរិក។

ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកូរ៉េក្នុងឆ្នាំ២០២៣ រួមមាន ម៉ាស៊ីន និងឧបករណ៍​អគ្គិ​សនី ស្បែកជើង សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំ អាលុយមីញ៉ូម ម៉ាស៊ីន និងបរិធាន​មេកា​និក វត្ថុធ្វើអំពីស្បែក ប្រដាប់ប្រដាក្មេងលេង វត្ថុចាំបាច់សម្រាប់កីឡា ផលិតផលឱសថ ប្លា​ស្ទិក ក្រដាសនិងក្រដាសកាតុង កៅស៊ូ ផ្លែឈើ និងគ្រាប់ផ្លែឈើដែលអាចបរិភោគបាន ជាដើម។

ទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីកូរ៉េ ក្នុងឆ្នាំ២០២៣ រួមមាន យានជំនិះ ម៉ាស៊ីន ឧប​ករណ៍​អគ្គិសនី ភេសជ្ជៈ ស្រា និងទឹកខ្មេះ ស្បែកឆៅ (ក្រៅពីស្បែកជាប់រោម) ស្បែកសម្លាប់ ប្លាស្ទិក ផលិតផលឱសថ វត្ថុវាយនភណ្ឌកែច្នៃរួចផ្សេងទៀត កៅស៊ូ ម៉ាស៊ីន និងបរិធាន​មេកានិកជាដើម។

កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កម្ពុជា និងកូរ៉េខាងត្បូង បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីជាមួយគ្នា។ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជំរុញឱ្យការធ្វើពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរមានទំហំកាន់តែធំឡើង។

ដោយឡែកការវិនិយោគវិញ ­ចាប់ពីឆ្នាំ១៩៩៤ ដល់ដើឆ្នាំ២០២៤នេះ ទុនវិនិយោគមកពី​កូរ៉េខាងត្បូង មានទំហំជាង ៥ពាន់លានដុល្លារអាមេរិក។

+ ការអប់រំ៖
­ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៨ មានសិស្ស និស្សិត និងមន្ត្រីរាជការកម្ពុជាសរុបចំនួន ២,៩០១នាក់ បានទទួលការបណ្តុះបណ្តាលរយៈពេលវែង និងខ្លីនៅកូរ៉េខាងត្បូង។ ចាប់ពីឆ្នាំ១៩៩៤ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ មានិស្សិតចំនួន ៣៥២នាក់ បានទទួលអាហារូបករណ៍សិក្សារយៈពេលវែង។

+ ការផ្តល់ហិរញ្ញប្បទាន៖
ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២២ កូរ៉េខាងត្បូង បានបើកផ្តល់ហិរញ្ញប្បទានឥតសំណង​សម្រាប់កិច្ចអភិវឌ្ឍនៅកម្ពុជាប្រមាណ ៤៥៥លានដុល្លារអាមេរិក។

គិតចាប់ពីឆ្នាំ២០០១ ដល់ខែធ្នូ ឆ្នាំ២០២៣ រដ្ឋាភិបាលកូរ៉េខាងត្បូង បានផ្តល់ឥណទានសម្បទាន សរុបជាង ១.៨ប៊ីលានដុល្លារអាមេរិក សម្រាប់កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន៣៦។

+ ពលករ និងពលរដ្ឋខ្មែរធ្វើការ និងរស់នៅកូរ៉េខាងត្បូង៖

ពីឆ្នាំ២០០៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនពលករសរុបចំនួន ១០៥,៨៤៤នាក់ (ស្រី ២៣.០៧៦ នាក់) ទៅធ្វើការនៅកូរ៉េខាងត្បូង ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ ។ ក្នុងនោះ ពលករបន្តអាណត្តិមានចំនួន ១៣,៩២៦នាក់ (ស្រី ២.៥០២ នាក់)។
­លករកម្ពុជាបម្រើការក្នុងវិស័យឧស្សាហកម្ម (៦៥.៣១៧ នាក់) កសិកម្ម (៣៥.០១១ នាក់) និងសំណង់ (៥.៥១៦ នាក់)។

­គិតត្រឹមថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ពលករកម្ពុជាចំនួន ៤៥,១៧០នាក់ (ស្រី ១២,០៣៩ នាក់) កំពុងធ្វើការនៅកូរ៉េខាងត្បូង ដោយទទួលបានបៀរវត្សរ៍ប្រចាំខែជាមធ្យមប្រមាណ ១,៤៥០ដុល្លារអាមេរិក។
គិតត្រឹមខែមីនា ឆ្នាំ២០២៤ និស្សិតខ្មែរកំពុងសិក្សានៅកូរ៉េខាងត្បូងមានចំនួន ៣៩៩នាក់ ហើយស្ត្រីរៀបការជាមួយពលរដ្ឋកូរ៉េមានចំនួន ៤,៦៤១នាក់៕
­