(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិតជូនពរលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ក្នុងឱកាសនៃខួប១០ឆ្នាំ នៃថ្ងៃកំណើតរបស់អង្គភាពព័ត៌មានរបស់ខ្លួន។

អ្នកឧកញ៉ា គិត ម៉េង បានថ្លែងក្នុងសារលិខិតថា៖ «ខ្ញុំ និងភរិយា ព្រមទាំងប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកា ទាំងអស់ នៃសភាពាណិជ្ជកម្មកម្ពុជា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និង សូមចូលរួមអបអរ សាទរយ៉ាងក្លៀវក្លា ក្នុងឱកាសដ៏ថ្លៃថ្លា ខួបគម្រប់១០ឆ្នាំ របស់បណ្តាញព័ត៌មាន Fresh News ដែលត្រូវ នឹងថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤»

ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំ សូមកោតសរសើរ ដល់ឯកឧត្តម អគ្គនាយក ថ្នាក់ដឹកនាំ និងសហការី នៃបណ្តាញព័ត៌មាន Fresh News តែងតែខិតខំប្រឹងប្រែងយកអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី លះបង់ ដោយមិនខ្លាចនឿយហត់ ក្នុងចូលរួមផ្សព្វផ្សាយនូវសក្តានុពលសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងតែងតែ ផ្តិតយក និង ផ្តល់ព័ត៌មានពិតជាក់ស្តែង ដែលឆ្លុះបង្ហាញភាពរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដែលដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមជួយតាមថែរក្សា និង ប្រោះព្រំប្រសិទ្ធពរជ័យ ជូនចំពោះ ឯកឧត្តមអគ្គនាយក និង លោកជំទាវ ព្រមទាំង ថ្នាក់ដឹកនាំ និង សហការី នៃបណ្តាញព័ត៌មាន Fresh News សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕