(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្ញើសារលិខិតជូនពរលោក លឹម ជាវុត្ថា សហស្ថាបនិក និងជាអគ្គនាយក អង្គភាពព័ត៌មាន Fresh News ក្នុងឱកាសនៃខួប១០ឆ្នាំ នៃថ្ងៃកំណើតរបស់អង្គភាពព័ត៌មានរបស់ខ្លួន។

នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបញ្ជាក់ក្នុងលិខិតថា៖ «ក្នុងឱកាសនៃខួប១០ឆ្នាំ នៃថ្ងៃកំណើតរបស់អង្គភាពព័ត៌មាន Fresh News (១៥ ឧសភា ២០១៤ - ១៥ ឧសភា ២០២៤) តាងនាមថ្នាក់ដឹកនាំកងទ័ពជើងគោក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមផ្ញើជូននូវការសាកសួរសុខទុក្ខ ពោរពេញដោយមនោសញ្ចេតនានឹករលឹក ស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរជូនចំពោះ លោក លឹម ជាវុត្ថា សហស្ថាបនិក និងជា អគ្គនាយក ព្រមទាំងបុគ្គលិកគ្រប់រូប នៃអង្គភាពព័ត៌មាន Fresh News ដែលបានបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលា ជូនប្រជាពលរដ្ឋបានដឹង ដើម្បីស្វែងយល់ អំពីសភាពការណ៍ពិត ដែលបានកើតឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជា និងការវិវត្តនៃសភាពការណ៍សកលលោក ជាពិសេសបានធ្វើការ ផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងរហ័សទាន់ពេលវេលា នូវវិធានការទាំងឡាយរបស់រដ្ឋាភិបាល ក៏ដូចជាការអប់រំ ប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក»។

គិតមកដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ អង្គភាពព័ត៌មាន Fresh News បានបង្កើត ឡើងមានរយៈពេល ១០ឆ្នាំហើយ ដែលបាននិងកំពុងឈរជើងលើសមរភូមិព័ត៌មានយ៉ាងរឹងមាំ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ហើយរយៈពេល១០ឆ្នាំនេះ អង្គភាពព័ត៌មាន Fresh News ទទួលបានការគាំទ្រយ៉ាងច្រើនពីមិត្តអ្នកអានជាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលអាចនិយាយបានថា ជាភាពជោគជ័យមួយ ក្នុងវិស័យព័ត៌មានពោរពេញ ដោយការប្រកួតប្រជែង ក្នុងយុគសម័យព័ត៌មានបច្ចេកវិទ្យាដ៏ទំនើបនេះ។ ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការកោត សរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់រូប នៃអង្គភាពព័ត៌មាន Fresh News ដែលបាន ខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីយ៉ាងសកម្ម និងសូមអបអរសាទរនូវសមិទ្ធផលការងារ ទាំងឡាយ ដែលអង្គភាពព័ត៌មាន Fresh News សម្រេចបានកន្លងមក។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរ លោក លឹម ជាវុត្ថា សហស្ថាបនិក និងជាអគ្គនាយក ព្រមទាំង បុគ្គលិកគ្រប់រូប នៃអង្គភាពព័ត៌មាន Fresh News សូមមានសុខភាពល្អបរិបូណ៌ មានសុភមង្គល ក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យក្នុងគ្រប់ភារកិច្ច និងសូមប្រកបដោយពុទ្ធពរ និងពរ ទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕