(ភ្នំពេញ)៖ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានី បានរៀបចំទទួលស្វាគមន៍សិស្សានុសិស្សជាបេក្ខជនសិស្សពូកែ ឆ្នាំសិក្សា ២០២៣-២០២៤ ចំនួន ២៤០នាក់ អញ្ជើញពីរាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា មកទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ នៅព្រឹកថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ។

ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងឱកាសដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។

បេក្ខជនទាំង ២៤០នាក់ បានឆ្លងកាត់ដំណើរការសំណេរវិញ្ញាសាមុខវិជ្ជាអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា រូបវិទ្យា និងវប្បធម៌ទូទៅ ថា្នក់ទី៩ និងថ្នាក់ទី១២ កាលពីថ្ងៃទី១៣-១៤ ខែឧសភា ឆ្នាំ២០២៤ កន្លងនេះ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក រាជធានីភ្នំពេញ ហើយលទ្ធផលនៃការប្រឡងនេះនឹងត្រូវប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។

ស្ថិតក្នុងឱកាសដែលសិស្សានុសិស្សរង់ចាំលទ្ធផលនៃការប្រឡងនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំជូនសិស្សានុសិស្សជាបេក្ខជនទាំងអស់ បានចូលទស្សនាវិមានឈ្នះឈ្នះ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្រ្តសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៃរាជធានីភ្នំពេញ។

ដំណើរទស្សនកិច្ចនេះ នឹងអនុញ្ញាតឱ្យសិស្សានុសិស្សជាបេក្ខភាពបានយល់ជ្រួតជ្រាត អំពីតឹកតាងប្រវត្តិសាស្ត្រពិតរបស់កម្ពុជា និងគំរូវីរៈភាព ព្រមទាំងការលះបង់តស៊ូយ៉ាងធំធេងពីអតីតកាលមិនអាចកាត់ថ្លៃបានរបស់ថ្នាក់ដឹកនាំកម្ពុជា ចំពោះបុព្វហេតុជាតិមាតុភូមិកម្ពុជា រហូតនាំឱ្យប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃនេះ។

សូមជម្រាបផងដែរថា លទ្ធផលនៃការប្រឡងសិស្សពូកែទូទាំងប្រទេស ឆ្នាំសិក្សា២០២៣-២០២៤ នឹងត្រូវប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានពិធីចែកវិញ្ញាបនបត្រ និងចែករង្វាន់ជ័យលាភីសិស្សពូកែ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។