(ភ្នំពេញ)៖ ក្រោយនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ បញ្ជូនខ្លួនដល់តុលាការ, នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ តំណាងអយ្យការកំំពុងសួរនាំស្ដ្រីម្នាក់ដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើរឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ។ សំណុំរឿងនេះ កំពុងស្ថិតក្នុងចំណាត់ការបើកការស៊ើបសួរលោក ស៊ិន រក្សា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នពេញ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ស្ដ្រីក្នុងរូបភាពជានគរបាលនោះ ពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះនៅលើផ្លាកឈ្មោះជាមនុស្សប្រុស នៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខវិញជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃុត​ ដាវី​ មានទីលំនៅផ្ទះលេខ១១បេ​ ផ្លូវ០១​ បុរីការ៉ាវិនថោន​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​។

ក្រោយការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ រួមមាន៖

*ទី១៖ឈ្មោះ​ ថៅ​ បូរី​ ភេទស្រី​ មានទីលំនៅ​សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ មុខរបរ​បោះដុំបន្លែ​ និងម្ជូរនៅផ្សារព្រែកព្នៅ​ ទំនាក់ទំនងជាមួយជនល្មេីស​ រកសុីក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ២០១៨​ ជនល្មេីសបានខ្ចីលុយចំនួន​ ៤,០០០ដុល្លារ កាលពីថ្ងៃទី​០៣​ ខែ៥​ ឆ្នាំ២០២១

*ទី២​៖ឈ្មោះ​ លី​ ពុធសិលា​ ភេទស្រី​ មានទីលំនៅ​ សង្កាត់​ ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​ មុខរបរលក់បាយក្នុងផ្សារព្រែកព្នៅ​ ទំនាក់ទំនង​ជាមួយជនល្មេីសស្គាល់គ្នាក្នុងផ្សារ​ រកសុីជាមួយគ្នា​ ចាប់ពីខែ០៥​ ឆ្នាំ២០២៣​ បានខ្ចីលុយជនរងគ្រោះចំនួន​ ២១,២០០ដុល្លារ៕