(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោកស្រី Jane Bateman នាយិកាប្រតិបត្តិនៃមូលនិធិ Sir Bobby Charlton នៃចក្រភពអង់គ្លេស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណដល់មូលនិធិ Sir Bobby Charlton ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាជួយដល់ការលើកកម្ពស់ការយល់ដឹង និងបង្ការគ្រោះដល់អាយុជីវិតប្រជាពលរដ្ឋមូលដ្ឋានពីគ្រាប់មីន និងយុទ្ធភ័ណ្ឌទាន់ផ្ទុះ។

សូមបញ្ជាក់ មូលនិធិ Sir Bobby Charlton Foundation ត្រូវបានបង្កើតឡើងដោយ Sir Bobby Charlton អតីតវីរបុរសបាល់ទាត់ជំរើសជាតិនៃចក្រភពអង់គ្លេសនៅក្លឹបបាល់ទាត់ Manchester United បន្ទាប់ពី Sir Bobby Charlton មកទស្សនកិច្ចនៅកម្ពុជា និងបានឃើញអំពីការលំបាករបស់អតីតយុទ្ធជន និងជនពិការ ដែលរងគ្រោះដោយសារសង្រ្គាមនៅកម្ពុជា។ មូលនិធិនេះ មានគោលដៅបម្រើការងារមនុស្សធម៌នៅតាមប្រទេសក្រីក្រជាច្រើន លើផ្នែកស្តារលទ្ធភាពពលកម្មកាយសម្បទា សេវាអប់រំ និងសេវាគាំទ្រសង្គមនានា។

កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចក្រភពអង់គ្លេស អាជ្ញាធរមីន បានចុះហត្ថលេខាជាមួយមូលនិធិ Sir Bobby Charlton Foundation លើភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការមនុស្សធម៌ផ្នែកកិច្ចសង្គ្រោះជនពិការ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ក្រោមកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន មូលនិធិ Sir Bobby Charlton បានចូលរួមជាមួយរាជរដ្ឋាភិបាល ជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់គ្រួសារមានពិការភាព និងអ្នកដោះមីន ក្នុងកំឡុងពេលនៃការ រីករាលដាលជំងឺឆ្លងកូវីដនេះ តាមរយៈចែកគ្រឿងឧបភោគបរិភោគបានជាង ២០០០គ្រួសារ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តប៉ៃលិន៕