(កណ្ដាល)៖ កញ្ញា លី មួយលាង ជា Miss Teen Cambodia ២០២៣ និងក្រុមគ្រួសារ បានចុះទៅដល់សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដើម្បីបង្ហាញក្ដីស្រលាញ់ និងចែកអំណោយជូនដល់ កុមារកំព្រា កុមាររងគ្រោះ ងាយរងគ្រោះ ដែលកំពុងស្នាក់នៅ និងសិក្សារៀនសូត្រចំនួន១២០នាក់។ កញ្ញា ក៏បានសួរសុខទុក្ខ ផ្ដល់ថវិកា និងអំណោយដល់ប្រធានមណ្ឌល និងក្រុមការងារផងដែរ។

សកម្មភាពនេះ បានធ្វើឡើងកាលពីចុងសប្ដាហ៍នេះ ដោយចូលរួមសហការផងដែរ ពីតំណាងសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលមានលោកស្រី ម៉ា រីណា ជាតំណាង។

កញ្ញា លី មួយលាង បានថ្លែងថា កញ្ញា និងក្រុមគ្រួសារ ចូលចិត្ត និងស្រលាញ់អំពើសប្បុរសធម៌ ការចែកអំណោយដល់ជនក្រីក្រ កុមារកំព្រាជាដើម ដែលបានធ្វើជាច្រើនមកហើយ ហើយលើកនេះ កញ្ញា និងគ្រួសារបានមកដល់ សមាគមនេះ ដើម្បីផ្ដល់ជូនអំណោយ ថវិកា និងផ្ដល់ក្ដីស្រលាញ់ដល់កុមារកំព្រាទាំងអស់ ដែលកំពុងស្នាក់នៅសិក្សារៀសូត្រនៅទីនេះ។

កញ្ញាបន្តថា ក្ដីស្រលាញ់ពិតនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ ពិសេសគឺកុមារកំព្រានេះតែម្ដង ដែលពួកគាត់គ្មានទីពឹងពាក់ឡើយ ហើយក៍កោតសរសើរជាពិសេសដល់លោក ប៉េន សុផល ប្រធានសមាគម ដែលបានខិតខំបីបាច់ថែរក្សា និងផ្ដល់ចំណេះដឹងដល់កុមាកំព្រាទាំងអស់។

កញ្ញាបញ្ជាក់ទៀតថា នៅតែបន្តចុះជួយដល់សមាគមជាបន្តបន្ទាប់ទៅតាមលទ្ធភាព និងបន្តចុះជួយជនក្រីក្រ ចាស់ជរាគ្មានទីពឹងជាដើម ហើយសូមអំពាវនាវកូនខ្មែរទាំងអស់ មេត្តាជួយដល់កុមារកំព្រានៅសមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមរបស់កុមារដែលមានទីតាំងស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលផង ដើម្បីបន្តជីវភាព និងជួយដល់កុមារកំព្រាចំនួន១២០នាក់នេះ ឲ្យមានក្ដីសង្ឃឹមកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះ លោក ប៉េន សុផល បានថ្លែងថា លោកពិតជាមានអារម្មណ៍សប្បាយរីករាយ និងរំភើបឥតឧបមា ដែលមានសប្បុរសជនជាច្រើននាក់ ពិសេសបវរកញ្ញាលីមួយលាង Miss Teen Cambodia 2023 និងក្រុមគ្រួសារ ដែលបានអញ្ជើញចុះមកសួរសុខទុក្ខផ្ដល់ក្ដីស្រឡាញ់និងផ្ដល់អំណោយ ព្រមទាំងថវិកាជូនដល់សមាគម ពិសេសជួយដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ សិក្សារៀងសូត្រនៅទីនេះ ដែលនេះជាទឹកចិត្តដ៏មហាបវរ ប្រសើរធំធេង ដែលមិនអាចកាត់ថ្លៃបាន និងសូមជូនពរដល់បវរកញ្ញា លី មួយលាង និងក្រុមគ្រួសារ មានសុខភាពល្អ និងជោគជ័យគ្រប់បំណងប៉ងប្រាថ្នា។

លោកប្រធានសមាគម សូមអំពាវនាវសប្បុរសជនទាំងអស់ទាំងជិត-ឆ្ងាយ មេត្តាជួយផ្ដល់នូវអំណោយបន្ថែមទៀតជាបន្តបន្ទាប់ សម្រាប់ចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រាទាំងអស់នៅទីនេះ។ ពិសេសក៏សូមថ្លែងអំណរគុណលោក គង់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដែលលោកតែងតែបានជួយឧបត្ថម្ភ ទំនុកបម្រុងជាបន្តបន្ទាប់រហូតមក។

សូមជម្រាបថា សមាគមស្នាមញញឹមថ្មី នៃក្តីសង្ឃឹមតបស់កុមារបានបង្កើតឡើងឆ្នាំ២០០២ បានចុះបញ្ជីជាមួយក្រសួងមហាផ្ទៃក្នុងឆ្នាំ២០១៦ ដឺលដំបូងបានចាប់ផ្តើមឡើងដោយប្រមូលកុមារបានចំនួន១៥នាក់ រហូតមកបច្ចុប្បន្នភាពនេះកុមារចំនួន១២០នាក់ហើយកំពុងស្នាក់នៅ និងសិក្សារៀនសូត្រ។ សមាគមមានបុគ្គលិក និងអ្នកថែទាំកុមារចំនួន១៦នាក់។

សូមបញ្ជាក់ថា កុមារទាំងអស់ដែលបានស្នាក់នៅក្នុងសមាគមគ្រប់ទម្រង់ និងគ្រប់រសជាតិទាំងអស់សុទ្ធតែកុមារបញ្ហាទាំងអស់ ហើយសមាគមយើងទទួលកុមារគ្រប់២៤ខេត្តក្រុង។ គោលដៅដរបស់សមាគមគឺជួយកុមារ ងាយរងគ្រោះ និងកុមាររងគ្រោះត្រូវបានគេបោះបង់ចោល ត្រូវបានរំលោភបំពាន ត្រូវគេគំរាមកំហែង កេងប្រវញ្ច័កម្លាំងពលកម្ម ត្រូវគេធ្វើបាប និងកុមារអនាថាដែលពុំបានទទួលអ្វីទាំងអស់ យកមកចឹញ្ចឹមបីបាច់ថែរក្សា ស្នាក់នៅ សិក្សារៀនសូត្រ។

គោលបំណងរបស់សមាគម គឺចង់ឲ្យកុមារទាំងអស់នោះទទួលនូវសិទ្ធិសេរីភាព សិទ្ធរស់រានមានជីវិត សិទ្ធិទទួលបានការអប់រំរៀនសូត្រ សិទ្ធិទទួលការថែទាំ និងទទួលអាហាររូបត្ថម្ភ ទទួលបាននូវភាពកកក្តៅផ្តល់ក្តីស្រឡាញ់ ផ្តល់នូវក្តីសង្ឃឹមដល់ពួកគេទាំងអស់នោះដូចជាកុមារដទៃទៀតដូចនៅក្នុងពិភពលោកយើងនេះដែរ។

សូមជម្រាបថា កញ្ញា លី មួយលាង មានអាយុ១៧ឆ្នាំ មានតំណែងជា Miiss Teen Cambodia 2023 ដែលនឹងត្រូវតំណាងឲប្រទេសកម្ពុជាទៅលើឆាកអន្តរជាតិ ចូលរួមប្រកួតក្នុងកម្មវិធី Miss Teen International 2024 នៅឯប្រទេសឥណ្ឌា ដែលមានបេក្ខភាពជាង៤០ប្រទេសចូលរួម។ សូមពលរដ្ឋខ្មែរទាំងអស់មេត្តាជួយគាំទ្របវរកញ្ញាខ្មែរយើងផង៕