(កណ្តាល)៖ សាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនអតីតអ្នកសារព័ត៌មានចំនួន ២នាក់ ដាក់ពន្ធនាគារ ក្រោយប្រើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនារវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ថ្មីៗនេះ។

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជូនព័ត៌មានបន្ថែមស្តីពីកិច្ចប្រតិបត្ដិការស្រាវជ្រាវស៊ើបអង្កេតករណី៖ បើកលេងល្បែងស៊ីសងខុសច្បាប់ (បញ្ជល់មាន់) ប្រើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា រវាងអ្នកសារព័ត៌មាន និងអ្នកបញ្ជល់មាន់ ដែលកើតហេតុ៖ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២៖១០នាទី ស្ថិតនៅចំណុច ចម្ការស្វាយ ភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។

ចំពោះករណីខាងលើនេះកាលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញបានអនុវត្តច្បាប់ទៅលើអ្នកបើកល្បែងស៊ីសងខុសច្បាប់។

មកដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនគរបាលជំនាញយើងបានស្រាវជ្រាវអនុវត្តច្បាប់ ទៅលើជនសង្ស័យដែលជាអតីតអ្នកសារព័ត៌មាន និងអ្នកសារព័ត៌មានដែលបានប្រើប្រាស់អំពើហិង្សាទៅលើជនរងគ្រោះចំនួន០២នាក់។

ជនសង្ស័យចំនួន០៦នាក់ (ឃាត់ខ្លួន០២នាក់) រួមមាន៖

ទី១៖ ឈ្មោះ ជាវ គីមលាង អតីតគេហទំព័រ គ្រុឌ០១ (ឃាត់ខ្លួន)
ទី២៖ ឈ្មោះ ទុយ រិទ្ធី អតីតគេហទំព័រ ខេភីញ៉ូ (ឃាត់ខ្លួន)
ទី៣៖ ឈ្មោះ ម៉ុល ដែន គេហទំព័រ វិទ្យុ FM 102 (គេចខ្លួន)
ទី៤៖ ឈ្មោះ សាយ ចាន់ណា រហ័ស នាម ១០៣ (គេចខ្លួន)
ទី៥៖ ឈ្មោះ ឃឹម យ៉ុន គេហទំព័រ ស្លាបប៉ាកកា (គេចខ្លួន)
៦៖ ឈ្មោះ មួង ដារ៉ូ គេហទំព័រ បារមីភ្នំជីសូរ (គេចខ្លួន)

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន០២នាក់ ទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់។ ករណីនេះ កម្លាំងសមត្ថកិច្ចជំនាញនៅបន្តស្រាវជ្រាវទៅលើករណីកំហែងយកប្រាក់ ដែលមានការទារប្រាក់ពីក្រុមអ្នកបើកល្បែងស៊ីសងខុសច្បាប់ ក៏ដូចជាអ្នកលេងល្បែងផងដែរ យកមកចាត់ការតាមនីតិវិធី។

សូមជម្រាបថា លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានចេញសេចក្ដីសម្រេចលុបអាជ្ញាប័ណ្ណអង្គភាពសារព័ត៌មាន ចំនួន២ ក្រោយប្រព្រឹត្តកំហុសខាងសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ និងអនុវត្តផ្ទុយពីកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន។ អង្គភាពសារព័ត៌មានដែលត្រូវបានលុបអាជ្ញាប័ណ្ណនោះ ទី១៖ គេហទំព័រ www.khmerpostnews.com  និងទី២៖ គេហទំព័រ www.kruth01.com។

សូមរំលឹកថា អង្គភាពសារព័ត៌មានទាំងពីរខាងលើនេះ ជាប់ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សា និងកំហែងយកប្រាក់នៅទីតាំងល្បែងជល់មាន់មួយកន្លែង នៅស្រុកល្វាឯម ខេត្តកណ្ដាល។ ខណៈទីតាំងនេះ ត្រូវបានកម្លាំងនគរបាលចុះបង្ក្រាប៕