(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងកត់សម្គាល់ថានៅថ្ងៃទី១២ឧសភានេះបើពោលអំពីទិវាម្ដាយ Mother's day ដែលទើបមានសន្ទុះកាន់តែមានប្រជាប្រិយនាប៉ុន្មានឆ្នាំមកនេះ យើងឃើញថា កូនខ្មែរហាក់ស្គាល់ទិវាម្ដាយ ដែលទើបតុបតែងថ្មីៗនៅសហរដ្ឋអាមេរិកយ៉ាងផុលផុស ជាងប្រពៃណីដឹងគុណបុព្វការីជនមាតាបិតាដ៏ល្អផូរផង់របស់ដូនតាខ្មែរយើង ។ ពីព្រោះបើពោលអំពីសាវតារនៃទិវាម្ដាយនេះ គឺបានប្រសូត្រទ្បើងតាមការអំពាវនាវរបស់អ្នកស្រី Anna Jarvis ក្រោយពីម្ដាយរបស់លោកស្រីស្លាប់នៅឆ្នាំ១៨៧៨ លោកស្រីបានអធិស្ឋានថា "ខ្ញុំសង្ឃឹមថានឹងរកឃើញថ្ងៃរំលឹកដល់អ្នកម្តាយ" ក្រោយមកនៅឆ្នាំ១៩០៨ ព្រះវិហារនានានៅសហរដ្ឋអាមេរិកបានគាំទ្រ រហូតក្លាយជាទិវាម្ដាយជាផ្លូវការរបស់សហរដ្ឋអាមេរិកមកដល់បច្ចុប្បន្ន។

លោក រ័ត្ន សណ្តាប់ បន្ដថាស្ថិតក្នុងថ្ងៃទិវាម្ដាយនេះ បើពោលអំពីប្រពៃណីចំពោះការគោរពដឹងគុណមាតាបិតារបស់ខ្មែរយើងវិញ គឺមានតាំងពីបុរាណកាលមក ពិសេសក្នុងរាជព្រះបាទឥន្ទ្រវរ្ម័នទី១ ព្រះអង្គបានកសាងប្រាសាទព្រះគោ គ.ស. ៨៧៩ ដើម្បីឧទ្ទិសដល់ព្រះបាទជ័យវរ្ម័នទី២ និងមាតាបិតា ខ្សែខាងមាតារបស់ព្រះអង្គដោយព្រះអង្គ ឆ្លាក់ទម្រង់ជាទេព ហៅថា "យសសិរី "ដល់ប្រជាជាតិនិងព្រះនគរ។ ហេតុនេះនៅក្នុងសម័យចក្រភពអង្គរ ប្រពៃណីគោរពដឹងគុណដល់បុព្វការីជនមាតាបិតា ត្រូវបានព្រះរាជាក្រោយៗ យកលំអានតាមជាបន្ដបន្ទាប់ ដោយល្គឹកណាបានសាងសង់ និងឆ្លងប្រាសាទដើម្បីជាបុណ្យកុសលឧទ្ទិសដល់បុព្វការីជនមាតាបិតា ខ្លួនរួចហើយ ទើបចាប់ផ្ដើមសង់ប្រាសាទសម្រាប់បូជាផ្ទាល់ព្រះអង្គ។ 

មួយវិញទៀត បើពោលក្នុងប្រព័ន្ធជំនឿខ្មែរវិញ ចំពោះការគោរពដឹងគុណបុព្វការីជនមាតាបិតានេះទៀតសោត ខ្មែរភ្ជាប់និងពិធីឆ្លងវ័យ ដែលជាទូទៅហៅថា "ពិធីចម្រើនអាយុ ឬឆាកមហាបង្សុកូល" គឺជាកិច្ចពិធីដឹងគុណដល់បុព្វការីជនមាតាបិតាខ្លួន ។ ទន្ទឹមនឹងនេះបើតាមប្រពៃណីខ្មែរពីបុរាណ គេប្រារព្ធពិធីនេះ ជូនដល់នរណាម្នាក់ដែលគេគោរពជាទូទៅ ដោយយល់ថា អ្នកនោះជាព្រឹទ្ធាចារ្យចាស់ទុំ ធ្លាប់ជួយគេឯងច្រើនប្រការពុំបាច់មានការទាក់ទងគ្នាជាសាច់ញាតិផងទេ។

ក្នុងគំនិតជាគោលនៃពិធីនេះ គេនិយមធ្វើនៅខែចេត្រ ប្រហាក់ប្រហែលគ្នានិងកិច្ចពិធីខ្លះៗនៃពិធីបុណ្យចូលឆ្នាំ ផងដែរ ព្រោះះគេតែងមានពូនភ្នំខ្សាច់ ដោយភ្នំខ្សាច់មួយធំជាងគេ និងមានភ្នំខ្សាច់តូចៗ មានចំនួន១០០ បើរាប់ទាំងភ្នំធំកណ្ដាលផង ឃើញថាចំនួនទ្បើងដល់១០១ ត្រូវនឹងពាក្យឲ្យពរថាសូមឲ្យមានអាយុយឺនយូរជាងរយវស្សា ។

ជាសរុប លោក រ័ត្ន សណ្តាប់ បញ្ជាក់ថា ស្ថិតក្នុងសម័យទំនើបនេះ បើពោលអំពីទិវាម្ដាយ និងទិវា​ឪពុក មាន​ដើមកំណើត​នៅ​សហរដ្ឋអាមេរិក ដែលត្រូវបានគេតុបតែងទ្បើងតាមការអំពាវនាវរបស់លោកស្រី Anna Jarvis ជាស្ថាបនិកទិវាម្ដាយនាឆ្នាំ១៩០៨ និងលោកស្រី  Sonora Dodd ជា​ស្ថាបនិក​នៃ​ទិវា​ឪពុក Father's Day នា​ឆ្នាំ១៩១០ ដើម្បី​រំលឹក​ដល់​ឪពុក​របស់ខ្លួន​ដែលទិវាទាំងពីរបាននិងកំពុងមានប្រជាប្រិយភាព ដោយមានប្រទេសមួយចំនួនចូលរួមអបអរសាទរយ៉ាងសស្រាក់សស្រាំ ដូចយើងឃើញនេះ ព្រោះជាធម្មតាក្នុងបរិបទប្រវត្តិសាស្ត្រពិភពលោក អរិយធម៌ចក្រភព ឬមហាអំណាចតែងសាយភាយទៅលើតំបន់ និងប្រទេសនានាលើពិភពលោក ។

ស្ថិតក្នុងបរិការនេះ សម្រាប់កម្ពុជាយើងដែលជាប្រទេសដែលមានប្រពៃណីបរមបុរាណ ដែលមានអរិយធម៌ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមតាំងពីបុរាណកាលមក គឺខ្មែរយើងមានប្រពៃណីគោរពដឹងគុណបុព្វការីជនមាតាបិតា ដោយផ្សារភ្ជាប់និងប្រពៃណីទំនៀមទម្លាប់មានដូចជា ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យចម្រើនអាយុជាដើម។ បើដូច្នេះសូមឲ្យកូនខ្មែរទាំងអស់ត្រូវស្វែងយល់អំពីប្រពៃណីដឹងគុណបុព្វការីជនមាតាបិតាដ៏ល្អផូរផង់របស់ខ្មែរយើង៕