(កំពង់ស្ពឺ)៖ នារីស្រស់សោភាម្នាក់វ័យ ១៨ឆ្នាំ ឈ្មោះ ម៉ន វិច្ឆិកា អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ បានបាត់ខ្លួនចេញពីកន្លែងធ្វើការតាំងពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់ ខណៈក្រុមគ្រួសារកំពុងខិតខំប្រឹងប្រែងស្វែងរកគ្រប់ច្រកល្ហក់ តែមិនទាន់បានទទួលដំណឹងនៅឡើយ។

បើតាមលោក ម៉ន សំណាង និងប្រពន្ធឈ្មោះ ម៉ៅ សំអាង រស់នៅភូមិព្រៃទទឹង ឃុំ ត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឱ្យដឹងថា ពួកគាត់បានបាត់កូនស្រី ឈ្មោះ ម៉ន វិច្ឆិកា ភេទស្រី អាយុ១៨ឆ្នាំ បាត់តាំងថ្ងៃ៣០ ខែមេសា ឆ្នាំ២០២៤ រហូតមកដល់ថ្ងៃនេះ មិនទាន់មានដំណឹងទេ។

ទីតាំងបាត់ខ្លួននៅភូមិត្រាំងទ្រា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ វេលាម៉ោង១១៖៣៤នាទីថ្ងៃត្រង់ ចេញពីរោងចក្រឆាយណាប៉ាវស៊ីង ស្ថិតក្នុងភូមិ ឃុំខាងលើ មូលហេតុដែលបាត់ នៅម៉ោង១១៖៣០នាទី មានឈ្មោះ ផៃ ស្រីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ ធ្វើការជាមួយគ្នារស់នៅភូមិភាន្សា ឃុំព្រះនិពាន្វ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានមកបបួលកូនស្រីរបស់លោក ថាទៅទិញអីហូប រហូតដល់ម៉ោង១២៖០០នាទី ដល់ម៉ោងចូលធ្វើការមិនឃើញឈ្មោះអ្នកទាំងពីរខាងលើចូលមកធ្វើការវិញទេ។

លោក ម៉ន សំណាង ដែលជាឪពុកនារីដែលបានបាត់ខ្លួន បានរៀបរាប់ថា លោកក៏បានទៅរកខាងនាយកក្រុមហ៊ុនដើម្បីឱ្យគាត់ជួយឆែក កាមេរ៉ាសុវត្ថិភាព ពេលឆែកកាមេរ៉ាសុវត្ថិភាព ក៏បានឃើញថាឈ្មោះ ផៃ ស្រី រ័ត្នបាននាំកូនស្រីលោក ឈ្មោះ ម៉ន វិច្ឆិកា ជិះម៉ូតូចេញទៅទាំងពីរនាក់។ ម៉ូតូម៉ាក ហុងដា សង់ DREAM ពណ៌ខ្មៅ ស្លាកលេខ កំពត 1T-3561 លុះដឹងហើយលោកក៏បានដើរទាក់ទងទៅម្តាយរបស់ឈ្មោះ ផៃ ស្រីរ័ត្ន ដើម្បីឱ្យគាត់ដឹង ហើយក៏បាននាំគ្នាដើរកពួកគាត់ទាំងអស់គ្នា រហូតមកដល់ថ្ងៃនេះ១២ ខែឧសភា ឆ្នាំ២០២៤ នៅតែរកពួកគាត់មិនទាន់ឃើញទេ។ ដូចនេះលោកសូមលើម្រាមដៃដប់សូមពឹងបងប្អូននៅក្នុងសង្គមនានាទាំងអស់ បើបងប្អូនបានឃើញភិនភាគដូចរូបខាងលើសូមជួយឃាត់ខ្លួនពួកគាត់ទុកឱ្យលោកផង។

ក្រុមគ្រួសារយុវត្តី ម៉ន វិច្ឆិកា ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ ប្រសិនបើប្រទះឃើញនារីដែលមានភិនភាគដូចរូបខាងក្រោម
សូមទំនាក់ទំនងទៅលេខទូរស័ព្ទ 016 68 42 90/ 087 39 02 04៕