(ភ្នំពេញ)៖ ស្ដ្រីដែលក្លែងជានគរបាលតាមរយៈការកាត់តរូបភាព និងបន្លំជាកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលសារភាពពាក់ព័ន្ធករណីបោកប្រាស់ និងឆបោកលុយប្រជាពលរដ្ឋខ្ទង់ម៉ឺនដុល្លារ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃុត​ ដាវី​ មានទីលំនៅផ្ទះលេខ១១បេ​ ផ្លូវ០១​ បុរីការ៉ាវិនថោន​ សង្កាត់ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​។

ក្រោយការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ រួមមាន៖

*ទី១៖ឈ្មោះ​ ថៅ​ បូរី​ ភេទស្រី​ មានទីលំនៅ​សង្កាត់គោករកា​ ខណ្ឌព្រែកព្នៅ​ មុខរបរ​បោះដុំបន្លែ​ និងម្ជូរនៅផ្សារព្រែកព្នៅ​ ទំនាក់ទំនងជាមួយជនល្មេីស​ រកសុីក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ២០១៨​ ជនល្មេីសបានខ្ចីលុយចំនួន​ ៤,០០០ដុល្លារ កាលពីថ្ងៃទី​០៣​ ខែ៥​ ឆ្នាំ២០២១

*ទី២​៖ឈ្មោះ​ លី​ ពុធសិលា​ ភេទស្រី​ មានទីលំនៅ​ សង្កាត់​ ស្វាយប៉ាក​ ខណ្ឌឬស្សីកែវ​ មុខរបរលក់បាយក្នុងផ្សារព្រែកព្នៅ​ ទំនាក់ទំនង​ជាមួយជនល្មេីសស្គាល់គ្នាក្នុងផ្សារ​ រកសុីជាមួយគ្នា​ ចាប់ពីខែ០៥​ ឆ្នាំ២០២៣​ បានខ្ចីលុយជនរងគ្រោះចំនួន​ ២១,២០០ដុល្លារ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការតាមនីតិវិធី ទាក់ទិនករណីក្លែងជានគរបាល និងបន្លំជាកូនចៅរបស់លោក ព្រមទាំងករណីឆបោកប្រាក់៕