(ភ្នំពេញ)៖ លោក អាន ស៊ីថាវ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានឲ្យដឹងថា មានចំណុចសំខាន់ៗចំនួន៩ ដែលយើងអាចយកមកសរសេរជា «សេចក្ដីប្រកាសព័ត៌មាន ឬ Press Release» បាន។ ការបញ្ជាក់របស់លោក អាន ស៊ីថាវ បែបនេះបានធ្វើឡើងនៅសប្ដាហ៍ទី៤ នៃថ្នាក់ «សរសេរសេចក្ដីប្រកាសព័ត៌មាន សម្រាប់ក្រុមហ៊ុនឯកជន» របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC)។

៩ចំណុចសំខាន់ៗដែលអ្នកជំនាញខាងលើបានលើកឡើងមានដូចជា៖ អំពីផលិតផល, ការរួមទុនបញ្ចូលគ្នា, បច្ចុប្បន្នភាពផលិតផល, ព្រឹត្តិការណ៍ថ្មីៗ, ការបើកសាខា ឬក្រុមហ៊ុនថ្មី, ការប្រកាសដៃគូថ្មី, ការផ្លាស់ប្ដូរស្លាកសញ្ញា, ការទទួលពានរង្វាន់ និងការប្រកាសអ្នកគ្រប់គ្រងថ្មីជាដើម។

លោកអាន ស៊ីថាវ បានលើកជាឧទាហរណ៍មួយ​មកពន្យល់ថា៖ «ការផ្លាស់ប្ដូរឈ្មោះ ឬស្លាកសញ្ញា គោលបំណងនៃសេចក្ដីប្រកាសនេះ ដើម្បីសាធារណជននិងអតិថិជនរបស់ខ្លួន កុំឲ្យមានការច្រឡំក្នុងប្រការណាមួយ នៅពេលដែលក្រុមហ៊ុនឬស្ថាប័ន ផ្លាស់ប្ដូរឈ្មោះ ឬ ស្លាកសញ្ញា ក្រុមហ៊ុន គេហទំព័រ ផលិតផលរបស់ខ្លួន»

តួរយ៉ាងការសរសេរសេចក្ដីប្រកាសពត៌មានអំពីការផ្លាស់ប្ដូរឈ្មោះ ឬ ស្លាកសញ្ញាត្រូវមាន ៤ចំណុចដូចជា៖

១.តើអ្វីជារបស់ថ្មី ?
២.តើពេលណានឹងចាប់ផ្ដើមអនុវត្ត?
៣.ហេតុផលអ្វីខ្លះនាំឲ្យមានការផ្លាស់ប្ដូរ ?
៤.ហេតុផលថ្នាក់ដឹកនាំទៅកាន់សាធារណជនកុំឲបារម្ភ ។

សូមជម្រាបថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។ បច្ចុប្បន្ន FTC មានថ្នាក់សិក្សាចំនួន៣ជំនាញដូចជា៖ ថ្នាក់ព័ត៌មានទូទៅ, ថ្នាក់ព័ត៌មានសេដ្ឋកិច្ច និងជំនួញ និងថ្នាក់សិក្សាអំពីការថតរូប ក្នុងវិជ្ជាជីវៈសារព័ត៌មាន៕