(កំពង់ស្ពឺ)៖ បណ្ដាសិស្សរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ បានអំពាវនាវដល់យុវជនដទៃទៀតសូមចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានគ្រប់គ្នាយ៉ាងតិច១ជំនាញ ដើម្បីទទួលបានជំនាញច្បាស់លាស់ មានការងារធ្វើសមរម្យ និងទទួលបានប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារទៅថ្ងៃអនាគត ខណៈពួកគេបញ្ជាក់ហើយថាការរៀនជំនាញនីមួយៗនោះមិនពិបាកណាស់ណាទេ។

គួរជម្រាបថា នៅក្នុងសប្ដាហ៍នេះដែរ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានរៀបចំដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន១០ស្ថាប័ន ទៅកាន់វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដែលជាសាលាមួយចូលរួមអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ ហើយក្រុមអ្នកសារព័ត៌មានក៏បានជួបសម្ភាសន៍ជាមួយនាយកវិទ្យាស្ថាន លោក កែម ជាក់នី លោកគ្រូ អ្នកគ្រូ និងបណ្ដាសិស្សដែលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈមួយចំនួនផងដែរ។

ពាក់ព័ន្ធនឹងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់នេះដែរ លោកនាយក កែម ជាក់នី បានបញ្ជាក់ថា នៅជំហានទី១ តាមផែនការរបស់វិទ្យាស្ថានលោក គឺជ្រើសរើសសិស្សតែ៣៩០នាក់ តែជាក់ស្ដែងមានសិស្សចុះឈ្មោះចូលរៀនមានរហូតដល់៤៤៨នាក់ (លើសផែនការ១៤ភាគរយ) ដែលបច្ចុប្បន្នកំពុងទទួលការបណ្ដុះបណ្ដាលតាមជំនាញផ្សេងៗ។

មានទីកំណើតនៅស្រុកសំរោងទង យុវជន សេង សុខេង ជាសិស្សរៀនជំនាញបរិក្ខារត្រជាក់រថយន្ត បានឱ្យដឹងថា ការណ៍ដែលរូបគេសម្រេចចិត្តមករៀនជំនាញនេះ ក៏ព្រោះចង់បានជំនាញវិជ្ជាជីវៈមួយច្បាស់លាស់ ហើយផ្នែកនេះក៏សម្បូរទីផ្សារការងារដែរ ងាយស្រួលក្នុងការរកការងារធ្វើ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃទៅថ្ងៃមុខ។ សុខេង ចុះឈ្មោះចូលរៀនជំនាញបរិក្ខារត្រជាក់រថយន្តនេះ គឺតាមរយៈការចុះផ្សព្វផ្សាយរបស់វិទ្យាស្ថានទៅដល់ផ្ទះរបស់រូបគេតែម្ដង។ យុវជន សេង សុខេង ក៏បានអំពាវនាវដល់យុវជនដទៃទៀតសូមចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានគ្រប់គ្នា ដើម្បីទទួលបានជំនាញច្បាស់លាស់ មានការងារធ្វើសមរម្យ និងទទួលបានប្រាក់ចំណូលលើកស្ទួយជីវភាពគ្រួសារទៅថ្ងៃអនាគត។

មានទីកំណើតនៅស្រុកបរសេដ្ឋ យុវតី ថូ ធារី ជាសិស្សស្រីរៀនជំនាញថែទាំនិងជួសជុលអគ្គិសនីរថយន្ត បានបង្ហាញភាពក្លាហានក្នុងនាមជានារីដែលមានចិត្តចង់សិក្សាជំនាញនេះ។ ធារី បានបញ្ជាក់ថា ការងារអ្វីក៏ដោយមិនប្រកាន់ប្រុស ឬក៏ស្រីនោះទេ សំខាន់ឱ្យតែយើងស្រឡាញ់ចូលចិត្តការងារនោះ។ ធារី មិនបានខ្មាសអៀន ឬភ័យខ្លាចនឹងការសិក្សាជំនាញអគ្គិសនីនេះឡើយ ហើយក៏បានលើកទឹកចិត្តដល់យុវតីដទៃទៀតសូមកុំមានការយល់ច្រឡំថាខ្លួនជានារីមិនអាចរៀនជំនាញដូចបុរស ធ្វើការងារដូចបុរសបាន គឺត្រូវតែតាំងចិត្តពុះពាររៀនជំនាញឱ្យបានចេះច្បាស់លាស់ នោះការងារនឹងរង់ចាំយើងគ្រប់គ្នា។

យុវជន ឈួន ម៉ានគួ ជាសិស្សរៀនជំនាញម៉ាស៊ីនត្រជាក់ ក៏បានបង្ហាញការពេញចិត្តចំពោះការសិក្សាជំនាញរបស់ខ្លួននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ និងបានអំពាវនាវដល់យុវជនដទៃទៀតកុំភ័យខ្លាច កុំរុញរាក្នុងការមកចុះឈ្មោះចូលរៀននៅជំហានទី២ ដើម្បីខ្លួនយើងម្នាក់ៗមានជំនាញពិតប្រាកដ មានការងារធ្វើ ពិសេសគឺដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ។ ម៉ានគួ បានបន្តថា ការរៀនជំនាញនេះក៏មិនពិបាកណាស់ណាដែរ សំខាន់ឱ្យតែយើងខំយកចិត្តទុកដាក់ ព្រោះជំនាញវិជ្ជាជីវៈជាជីវិតរបស់យើងគ្រប់គ្នា។

លោកនាយកវិទ្យាស្ថាន កែម ជាក់នី បានបញ្ជាក់ថា នៅជំហានទី២ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺនឹងជ្រើសរើសសិស្សឱ្យបាន៥៧០នាក់ ដើម្បីឱ្យយុវជនទាំងនោះបានមកទទួលការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា។

អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ក៏បានបញ្ជាក់ដែរថា បន្ទាប់ពីជោគជ័យនៅជំហានទី១ ក្រសួងក៏បានត្រៀមអនុវត្តជំហានទី២ដែលគ្រោងទទួលសិស្សលើស៣ម៉ឺននាក់ទៀត ព្រមទាំងបន្ថែមនូវជំនាញវិជ្ជាជីវៈមួយចំនួនទៀតផងដែរ ដែលសុទ្ធតែមានគ្រូបណ្ដុះបណ្ដាល សម្ភារបង្រៀន និងមានតម្រូវការទីផ្សារការងារខ្ពស់។

សូមបញ្ជាក់ដែរថា សម្រាប់យុវជនដែលចង់ចូលរៀនជាមួយកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យ១.៥លាននាក់ អាចទំនាក់ទំនងជាមួយអាជ្ញាធរឃុំ-សង្កាត់ ឬក៏អាចទំនាក់ទំនងមកក្រសួងការងារតាមរយៈលេខទូរសព្ទ 1297 ឬ 1286 ដើម្បីសួរព័ត៌មានបន្ថែម ឬក៏អាចធ្វើដំណើរទៅដល់សាលាបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈណាមួយតែម្ដងក៏បាន៕