(ឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ បានរៀបចំវគ្គបំប៉នវិជ្ជាសង្រ្គោះបឋម និងប្រគល់ប័ណ្ណសរសើរជូនយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្រោមវត្តមានលោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តមរានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធ និងយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមជាច្រើនរូបទៀត។

លោក ឃិន ញ៉ាណ បានថ្លែងនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត
ផ្ញើជូនយុវជន និងសិស្សានុសិស្សអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាដែលមានវត្តមាននៅទីនេះ ជាមួយនឹងការថ្លែងនូវការកោតសរសើរដល់យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់ពេលវេលាចូលរួមក្នុងវគ្គហ្វឹកហ្វឺនសង្គ្រោះបឋម ដែលជាសកម្មភាពមនុស្សធម៍។

លោកថាគោលការណ៍គ្រឹះសង្គ្រោះបឋម ដែលយុវជន និងសិស្សានុសិស្សដែលជាអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា កំពុងអនុវត្តវគ្គបំប៉ននាពេលនេះ រួមមាន៖ ការសង្គ្រោះការឆក់ខ្សែភ្លើង សង្គ្រោះការលង់ទឹក សង្គ្រោះករណីគ្រោះថ្នាក់ចរាចរណ៍ សង្គ្រោះសត្វពស់ចឹក សង្គ្រោះខ្យល់គរជាដើម។

ជាមួយគ្នានេះ លោក ឃិន ញ៉ាណ ក៏បានថ្លែងជំរុញដល់សិស្សានុសិស្ស ដែលជាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា សូមបន្ដខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលធ្វើដំណើរតាមម៉ូតូ ពាក់ខ្សែក្រវ៉ាត់ពេលបើកបររថយន្ត ពិសេសជៀសឲ្យឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ៕